ប្រធានក្រុមអាហ្វហ្គានីស្ថាន និយាយអ្វីខ្លះពីទម្រង់លេងកម្ពុជាក្រោមការដឹកនាំរបស់លោក Leonardo និងលោក Lee?

ភ្នំពេញ៖ សម្រាប់ការប្រកួតផ្លូវការជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ២ប្រកួតចុងក្រោយ ក្រោមការដឹកនាំរបស់គ្រូបង្វឹកផ្សេងគ្នា គឺបានបញ្ចប់ដោយលទ្ធផលខុសគ្នា ដោយលោក Lee Tae Hoon ដឹកនាំចាញ់អាហ្វហ្គានីស្ថាន ៣-០ ក្នុងជំនួបក្រៅដីនៃវគ្គជម្រុះពានរង្វាន់ FIFA World Cup 2018 កាលពីចុងឆ្នាំ២០១៥ ហើយកាលពីយប់មិញ លោក Leonardo គ្រូបង្វឹកថ្មីរបស់កម្ពុជា បានដឹកនាំឈ្នះអាហ្វហ្គានីស្ថានក្នុងដី ១-០ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ។ តើកីឡាករអាហ្វហ្គានីស្ថានយល់យ៉ាងណា ចំពោះទម្រង់របស់ក្រុមជម្រើសជាតិកម្ពុជា ដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិប្រេស៊ីលលោក Leonardo និងគ្រូបង្វឹកកូរ៉េខាងត្បូងលោក Lee Tae Hoon?

ខ្សែប្រយុទ្ធ Shayesteh ប្រធានក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ក្នុងនាមកីឡាករធ្លាប់មានបទពិសោធន៍ជួបក្រុមជម្រើសជាតិកម្ពុជាច្រើនដង បានបង្ហាញពីភាពប្រែប្រួលរបស់ក្រុមគោព្រៃកម្ពុជាមួយចំណុច បើធៀបការប្រកួតយប់មិញ ទៅនឹងការជួបគ្នាកាលពីឆ្នាំ២០១៥ ។ កីឡាករ័យ ២៥ឆ្នាំរូបនេះ បាននិយាយថា៖ «ការប្រកួតលើកនេះ ក្រុមជម្រើសជាតិកម្ពុជា បានព្យាយាមលេងជាមួយបាល់បានច្រើន មិនដូចកាលពីមុន ដែលកីឡាករកម្ពុជាច្រើនលេងបាល់វែង និងលេងក្រោយខ្នងខ្សែការពាររបស់ក្រុមខ្ញុំនោះទេ ។ ប៉ុន្ដែប្រៀបធៀបពីការប្រកួតវិញ គឺដូចគ្នា ដោយក្រុមទាំងពីរមានឱកាសច្រើនដូចគ្នា តែភាគច្រើនធ្វើមិនបានសម្រេច» ។ តែយ៉ាងណាខ្សែប្រយុទ្ធរូបនេះ ក៏ធ្លាប់បានកើតសរសើរពីភាពរីកចម្រើននៃវិស័យបាល់ទាត់កម្ពុជាបច្ចុប្បន្នផងដែរ ។

សូមបញ្ជាក់ថា លោក Leonardo ទើបបានដឹកនាំក្រុមជម្រើសជាតិកម្ពុជាចំនួន ៤ប្រកួតប៉ុណ្ណោះ ដែលបញ្ចប់ដោយលទ្ធផលឈ្នះ១ និងចាញ់៣ ក្នុងនោះឈ្នះអាហ្វហ្គានីស្ថាន ១-០ តែចាញ់ហ្ស៊កដានី ៧-០ នៅក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ។ រីឯប្រកួតមិត្តភាពអន្ដរជាតិ ២ប្រកួតផ្សេងទៀត គឺចាញ់ឥណ្ឌូនេស៊ី ២-០ និងចាញ់ក្រុមជម្រើសជាតិឥណ្ឌា ដោយលទ្ធផល ៣-២ នៅលើទឹកដីរបស់ខ្លួន កាលពីពេលថ្មីៗកន្លងទៅ ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ