ភោជនីយដ្ឋានមួយនៅខេត្តសៀមរាប រងការចោទប្រកាន់ថាយកល្បុក្កតោធ្វើជាល្បែងភ្នាល់សុីលុយ

ភ្នំពេញ៖ ក្រោយពីដំណើរការកម្មវិធីសម្ដែងកីឡាល្បុក្កតោរាល់ចុងសប្តាហ៍ជូនភ្ញៀវជាតិ និងអន្តរជាតិទស្សនាក្នុងពេលរាត្រីនៅពេលភ្ញៀវមកទទួលទានអាហារនៅក្នុងភោជនីយដ្ឋានដែលមានឈ្មោះថា ល្បុក្កតោ នៅក្នុងខេត្តសៀមរាបបានរយៈពេល ៣សប្ដាហ៍រួចមក នៅពេលនេះ លោកគ្រូតាក្រមាមាសសាន គឹមស៊ាន ប្រធានបណ្ឌិត្យសភាល្បុក្កតោកម្ពុជា និងជាស្ថាបនិកចងក្រងឯកសារជាច្រើនរបស់ល្បុក្កតោ បានប្រកាសលាឈប់ និងដកខ្លួនចេញពីកិច្ចព្រមព្រៀងជាមួយម្ចាស់ភោជនីយដ្ឋានហើយដោយសារមានបញ្ហារឿងយកកីឡាមួយនេះភ្នាល់ដាក់លុយ។

បញ្ហាវិវាទនេះបានធ្វើឲ្យបណ្ឌិត្យសភាល្បុក្កតោទទួលរងការខាតបង់ជាច្រើន នៅពេលដែលម្ចាស់ភោជនីយដ្ឋានមួយនេះ មិនគោរពតាមកិច្ចសន្យា និងបានយកការប្រកួតទៅជាល្បែងភ្នាល់លុយដែលនាំឲ្យខូចកម្មវិធីប្រកួត។ លោកសាន គឹមស៊ាន ក៏បានព្រមានទៅលើអ្នកគ្រប់គ្រងភោជនីយដ្ឋានល្បុក្កតោនោះផងដែរ ថាមិនឲ្យបន្តយកឈ្មោះល្បុក្កតោទៅធ្វើអាជីវកម្មទៀតឡើយ ហើយក៏បានរាយការណ៍ទៅសហព័ន្ធកីឡាល្បុក្កតោកម្ពុជាដោយមិនគួរអនុញ្ញាតឲ្យច្បាប់យកឈ្មោះល្បុក្កតោទៅប្រើប្រាស់បន្តទៀតនោះឡើយ។

ជាមួយគ្នានេះដែរ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជាលោកវ៉ាត់ ចំរើន បានឲ្យដឹងថា៖ «ខ្ញុំទទួលបានដំណឹងពីការមិនឯកភាពគ្នានោះហើយ ប៉ុន្តែខ្ញុំមិនទាន់ទទួលបានមូលហេតុច្បាស់លាស់ ដែលនាំឲ្យមានការផ្អាក ឬឈប់ប្រកួតនោះឡើយ ដោយរង់ចាំសេចក្តីរាយការណ៍ជាក់ស្តែងពីភាគីទាំងពីរ»។ ជាមួយគ្នានេះដែល លោកអ៊ុំ យ៉ុម គ្រូបង្វឹក និងតំណាងក្លិបមកពីខេត្តកំពង់ឆ្នាំង ដែលបានចំណាយពេលបង្វឹក និងប្រមូលផ្តុំបានឲ្យដឹងថា៖ «ខ្ញុំមិនបានដឹងពីមូលហេតុច្បាស់លាស់ ដែលនាំឲ្យលោកគ្រូសាន គឹមស៊ាន ប្រកាសដកខ្លួនឈប់នោះទេ ប៉ុន្តែតាមការព្រមព្រៀងកន្លងមក យើងបានចូលរួមហ្វឹកហាត់ប្រកួតបានចំនួន ៣ សប្តាហ៍ដែរ តាំងពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៧ ហើយលោកគ្រូតាសាន គឹមស៊ាន មានបញ្ហាជាមួយភាគីម្ចាស់ហាងដោយមិនចុះសម្រុងហើយក៏ចែកផ្លូវគ្នាទៅ»។

លោកគ្រូបង្វឹករូបនេះ បានសម្តែងការសោកស្តាយខ្លាំង ប៉ុន្តែលោកនៅតែរក្សាជំហរចង់ឲ្យបន្តការសហការជាមួយគ្នាបន្តទៀត ប្រយោជន៍ឲ្យអត្តពលិកល្បុក្កតោបានប្រកួត និងមានប្រាក់ចំណូល។ លោកអ៊ុំ យ៉ុម បានប្រាប់បន្ថែមទៀតថា៖ «ប្រសិនបើម្ចាស់ហាងត្រូវការកីឡាល្បុក្កតោបន្តការប្រកួត ខ្ញុំនៅតែយល់ព្រម និងឯកភាពពីព្រោះការប្រកួតនាំឲ្យកីឡាករ គ្រូបង្វឹកទទួលប្រាក់ចំណូល»៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ