FFC សម្រាលទណ្ឌកម្ម ទូច បញ្ចរ៉ុង ដោយបន្ថយរយៈពេលហាមឃាត់មកត្រឹម ៥ខែវិញ

ភ្នំពេញ៖ បន្ទាប់ពីបានទទួលការប្តឹងឧទ្ធរណ៍ពីក្លឹបបាល់ទាត់បឹងកេតអេហ្វសុីរួចមក នៅទីបំផុត គណៈកម្មការឧទ្ធរណ៍របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចបន្ធូរបន្ថយទណ្ឌកម្មលើកីឡាករទូច បញ្ចរ៉ុង ដោយកំណត់ត្រឹមមិនឲ្យចូលរួមការប្រកួតបាល់ទាត់នានារយៈពេល ៥ខែវិញ ខណៈដែលការេសម្រេចលើកដំបូងបានដាក់បម្រាមរហូតដល់រយៈពេល ៨ខែឯណោះ ។

គួររំលឹកថា គណៈកម្មការវិន័យរបស់សហព័ន្ធបានសម្រេចដាក់ទណ្ឌកម្មលើកីឡាកររូបនេះដោយហាមប្រាមលើការប្រកបអាជីពបាល់ទាត់ ពោលគឺមិនអនុញ្ញាតឲ្យចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍នានារយៈពេល ៨ខែ និងពិន័យជាប្រាក់ចំនួន ១លានរៀលផងដែរ បន្ទាប់ពីរូបគេបានបង្កនូវកំហុសឆ្គងដ៏អាក្រក់មួយនាអំឡុងពេលប្រកួតលីគកំពូលកម្ពុជាដោយក្រុមបឹងកេតបានចាញ់ភ្នំពេញក្រោន ២-១ ក្នុងជំនួបជើងទី២ ហើយនៅពេលនោះកីឡាករ ទូច បញ្ចរ៉ុង ត្រូវបានអាជ្ញាកណ្ដាលពិន័យកាតក្រហមបណ្ដេញចេញពីទីលាន ក្រោយបង្កកំហុសលើកីឡាករភ្នំពេញក្រោននៅនាទីទី៣០ ។ ភ្លាមៗនោះ បញ្ចរ៉ុង ហាក់មិនពេញចិត្តនឹងការពិន័យ ក៏ស្ទុះយកក្បាលទៅបុកនឹងផ្ទៃមុខរបស់អាជ្ញាកណ្ដាល បណ្ដាឲ្យអាជ្ញាកណ្ដាលដួលមួយសន្ទុះ។ ទង្វើមិនគប្បីនេះក៏បានបណ្ដាលឲ្យក្លឹបបឹងកេតសម្រេចដាក់ទណ្ឌកម្មម្តងរួចមកហើយដោយកាត់ប្រាក់ខែមួយផ្នែក និងព្រមានមិនឲ្យមានសកម្មភាពខុសឆ្គងបែបនេះទៀតនៅពេលអនាគត ៕

 

 

អត្ថបទ៖ បុត្រា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ