ដំណើរឆ្ពោះទៅ SEA Games លើកទី២៩៖ សហព័ន្ធកីឡាហែលទឹកបង្កើនការហ្វឹកហាត់ទ្វេរដង!

ភ្នំពេញ៖ ហែលទឹកគឺជាប្រភេទកីឡាយុទ្ធសាស្ត្រមួយដែលតាំងពីក្រោយសម័យសង្គ្រាមមកទោះបីប្រភេទកីឡានេះមិនទាន់ដណ្ដើមបានមេដាយពីព្រឹត្តិការណ៍ SEA Games ក៏ពិតមែនក៏កម្ពុជានៅតែបន្តស្វែងរកថ្នាលដើម្បីបន្តវេនដើម្បីអភិវឌ្ឍន៍ពួកគេឲ្យក្លាយជាអ្នកហែលទឹកដ៏មានសមត្ថភាពនាពេលអនាគត ។ សម្រាប់ឆ្នាំ២០១៧នេះ គឺជាឆ្នាំនៃការប្រកួតកីឡា SEA Games លើកទី២៩ ដែលនឹងប្រារព្ធធ្វើឡើងនៅប្រទេសម៉ាឡេស៊ីនាអំឡុងខែសីហាខាងមុខ ។

អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកលោកហែម គីរី បានបង្ហើបឲ្យដឹងថា SEA Games លើកនេះសហព័ន្ធត្រៀមបញ្ជូនកីឡាករ ៥រូប និង កីឡាការិនី ២រូបទៅចូលរួម ។ លោកមិនបានបង្ហាញពីអត្តសញ្ញាណកីឡាករ-កីឡាការិនីរូបណាដែលនឹងត្រូវទៅចូលរួមនៅឡើយទេ ព្រោះពេលវេលាមិនទាន់មកដល់ម្យ៉ាងទៀតអ្វីៗត្រូវឆ្លងកាត់ការធ្វើតេស្ត ដោយអ្នកមានសមត្ថភាព មានវិន័យល្អនឹងត្រូវបានទៅចូលរួម ចំណែកឯអ្នកល្អខ្លាំងតែគ្មានវិន័យក៏មិនអនុញ្ញាតឲ្យទៅបានដែរ ។

លោកប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានបញ្ជាក់ថា សម្រាប់កីឡាជម្រើសជាតិដែលប្រមូលផ្ដុំដើម្បីហ្វឹកហាត់នោះត្រូវឆ្លងកាត់ការធ្វើតេស្តលើសមត្ថភាពចំនួន ៣ដំណាក់កាលក្នុងអំឡុងពេលហ្វឹកហាត់។ ដំណាក់កាលទី១ គឺធ្វើតេស្តផ្នែកកម្លាំងកាយដោយផ្ដោតលើការហ្វឹកហាត់កម្លាំងជាមូលដ្ឋាន ។ ដំណាក់កាលទី២ ធ្វើតេស្តលើផ្នែកបច្ចេកទេសដែលផ្ដោតលើការហ្វឹកហាត់បច្ចេកទេសជាមូលដ្ឋាន និងដំណាក់កាលទី៣ គឺការធ្វើតេស្តផ្នែកកលល្បិចដែលផ្ដោតលើការហ្វឹកហាត់កលល្បិចជាមូលដ្ឋាន ។

លោកហែម គីរីបានអះអាងថាដោយផ្អែកលើដំនាក់កាលទាំង ៣ ជាមូលដ្ឋាននេះកីឡាករ-កីឡាការិនីហែលទឹករបស់លោកដែលពីមុនក្នុងមួយថ្ងៃហ្វឹកហាត់ក្នុងចម្ងាយតែពី ៣.០០០ម៉ែត្រទៅ ៤.០០០ម៉ែត្រនោះពេលនេះការហ្វឹកហាត់ត្រូវបានបង្កើនពី ៥.០០០ ទៅ ៧.០០០ម៉ែត្រក្នុងមួយថ្ងៃ ។ ជាមួយគ្នានេះដែរ ទោះបីលោកមិនសង្ឃឹមថាបានមេដាយពីព្រឹត្តិការណ៍ SEA Games លើកទី២៩ នេះក៏ពិតមែនតែលោកមានជំនឿចិត្តថាគុណផល (Perfomance) របស់គេនឹងល្អជាងមុនមិនខាន ។ ពេលនេះទាំងកម្លាំង ទាំងបច្ចេកទេស និងកលល្បិចនៃការហែលកាន់តែមានកម្រិតខ្ពស់ជាងមុន ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ