កម្ពុជា បញ្ជូនកីឡាករ-កីឡាការិនីតេក្វាន់ដូ ៥ រូបទៅប្រកួតជើងឯកពិភពលោកនៅកូរ៉េ

ភ្នំពេញ៖ ខេមរសហព័ន្ធតេក្វាន់ដូនឹងបញ្ជូនកីឡាករ ២រូប និងកីឡាការិនី ៣រូបទៅប្រកួតជើងឯកពិភពលោកនៅសាធារណរដ្ឋកូរ៉េនាទីក្រុងមូជូដែលព្រឹត្តិការណ៍នោះត្រូវគេប្រសិទ្ធិនាមថា «2017 Muju Championships World Taekwondo» ។ ជាមួយនឹងការចេញទៅប្រកួតនេះធនាគារកូរ៉េមួយឈ្មោះ Phnom Penh Commercial Bank បានឧបត្ថម្ភប្រាក់ចំនួន ១៣.០០០ដុល្លារដល់ឯកឧត្តមហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងជាប្រធានខេមរៈសហព័ន្ធតេក្វាន់ដូសម្រាប់ប្រើប្រាស់ក្នុងការចេញទៅប្រកួតនេះ ។

លោកឆយ យ៉ុងសុក (Choi Yong Sok) ដែលជាគ្រូបង្វឹកតេក្វាន់ដូជម្រើសជាតិកម្ពុជាបានឲ្យដឹងថាព្រឹត្តិការណ៍នេះចាប់ផ្ដើមពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែមិថុនា ដែលមានកីឡាករ-កីឡាការិនីចូលរួមចំនួន ១.៦៩៨នាក់មកពី ១៨១ ប្រទេសលើពិភពលោក ។ សូមបញ្ជាក់ថា កីឡាករ-កីឡាការិនីដែលចូលរួមទាំង ៥ រូបនោះមានកីឡាការិនីស៊ន សៀវម៉ី ប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៧៣គីឡូក្រាម, កីឡាការិនី Cassandre Nicole Tubbs មកពីអាមេរិកប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៥៧គីឡូក្រាម, កីឡាការិនីអ៊ុន វិនសុចិរង្សី ប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៥៣គីឡូក្រាម, កីឡាករឈុន សុខឡុងប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៦៣គីឡូក្រាម និង កីឡាករវ៉ាន់ រិទ្ធី ប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៧៤គីឡូក្រាម ។

គួរបញ្ជាក់ដែរថា កីឡាការិនីស៊ន សៀវម៉ី ដែលកន្លងមកមានបញ្ហាជើងខ្លះៗនោះពេលនេះបានឲ្យដឹងថាអ្វីៗហាក់បានធូរស្រាលហើយ ដោយកីឡាការិនីរូបនេះទទួលស្គាល់ថាការប្រកួតជើងឯកពិភពលោកពិតជាលំបាកហើយព្រោះមួយប្រភេទទម្ងន់ៗមានកីឡាករ-កីឡាការិនីច្រើនព្រោះមាន ១៨១ប្រទេសឯណោះចូលរួមដូច្នេះដំណើរឡើងទៅកាន់តំណើរជាជើងឯកត្រូវឆ្លងកាត់ឧបសគ្គច្រើនណាស់ ។ ឯកឧត្តមហង់ជួន ណារ៉ុន ដែលបានផ្ដល់បទសំភាសន៍ខ្លីដល់អ្នកកាសែតនោះបានចាត់ទុកថាការចេញទៅប្រកួតនេះសំខាន់ណាស់វាជាឱកាសបង្ហាញសមត្ថភាពមួយមុនពេលស៊ីហ្គេមលើកទី២៩ ឈានមកដល់នាខែសីហាខាងមុខនេះ ។ លោកឆយ យ៉ុងសុក បាននិយាយបន្ថែមដែរថាបន្ទាប់ពីព្រឹត្តិការណ៍ពិភពលោកនេះលោកដែលជាគ្រូបង្វឹកនឹងដឹងថាកីឡាករ-កីឡាការិនីកម្ពុជានៅខ្វះចន្លោះអ្វីខ្លះហើយលោកនឹងបំពេញឲ្យព្រោះពួកគេទាំង ៥ រូបនេះសុទ្ធតែជាបេក្ខភាពសម្រាប់ស៊ីហ្គេម ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ