ពិតជាខ្លាំងមែន! ស្រួង ភាវី សាងកិត្តិយសជូនជាតិកម្ពុជា ក្រោយឈ្នះជើងឯកស្នូកឃ័រនៅកូរ៉េខាងត្បូង

ភ្នំពេញ៖ នេះជាជោគជ័យ និងជាកិត្តិយសម្ដងទៀតហើយសម្រាប់កម្ពុជា ខណៈដែលកីឡាការិនី ស្រួង ភាវី ដែលបានប្រឹងប្រែងប្រកួតឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងថ្នាក់ជាជើងឯកស្នូកឃ័រប្រចាំប្រទេសកូរ៉េខាងត្បូង ។ ជាងនេះទៅទៀត ថ្នាក់ដឹកនាំកីឡាស្នូកឃ័រនៅកូរ៉េក៏មានបំណងចង់ឲ្យកីឡាការិនីរូបនេះបានចូលសញ្ជាតិដើម្បីធ្វើជាកីឡាការិនីជម្រើសជាតិប្រចាំប្រទេសរបស់ខ្លួនទៀតផង។
កីឡាការិនីស្រួង ភាវី មានអាយុ ២១ ឆ្នាំ និងមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំហើយបានចេញទៅរស់នៅប្រទេសកូរ៉េរយៈពេល ៧ ឆ្នាំមកហើយដោយមានអាជីពជាអ្នកហ្វឹកហាត់ និងប្រកួតក្នុងកីឡាស្នូកឃ័រនេះ ហើយក្នុងព្រឹត្តិការណ៍ល្បីៗនៅលើពិភពលោកនាងបានឈ្នះមេដាយជានិច្ចដោយមានការឧបត្ថម្ភពីក្រុមហ៊ុនជាច្រើននៅប្រទេសកូរ៉េ។
កីឡាការិនីរូបនេះបានឱ្យដឹងតាមបណ្តាញសង្គម Facebook ថា៖ «ខ្ញុំបានឈ្នះលើកីឡាការិនីសញ្ជាតិកូរ៉េ ដែលជាជើងខ្លាំងចំនួន ៦នាក់ជាប់ៗគ្នាទើបទទួលបានលេខ១ នេះតែម្តង។ ជ័យជម្នះរបស់ខ្ញុំនេះមានភាពល្បីល្បាញណាស់នៅស្រុកគេ ប៉ុន្តែគិតដល់ម៉ោងនេះខ្ញុំនៅតែរក្សាកិត្តិយសខ្ញុំជាខ្មែរ មិនចូលសញ្ជាតិគេឡើយ ខណៈដែលខ្ញុំនៅតែរង់ចាំប្រទេសកម្ពុជាយើង តើនៅពេលណាបង្កើតបានសហព័ន្ធនេះ? ពីព្រោះខ្ញុំនៅរង់ចាំចំនួនជិតកន្លះឆ្នាំមកហើយ»។
សូមបញ្ជាក់ថា មកដល់ពេលនេះមិនទាន់មានថ្នាក់ដឹកនាំណាភ្ញាក់ផ្អើលនៅឡើយទេចំពោះសមិទ្ធផលរបស់នាង ខណៈដែលលោកវ៉ាត់ ចំរើន អគ្គលេខាធិការជាតិអូឡាំពិកកម្ពុជា បានប្រគល់ការរៀបចំរចនាសម្ព័ន្ធសហព័ន្ធស្នូកឃ័រនេះជូនលោកមួន ម៉ារ៉ា ដែលគិតមកដល់ពេលនេះនៅតែមិនទាន់មានដំណឹងនៅឡើយ។ គួរបញ្ជាក់ផងដែរថា មេដាយមាសដែលកីឡាការិនីរូបនេះឈ្នះគឺទើបតែទទួលបានកាលពីចុងសប្ដាហ៍មុនកន្លងទៅថ្មីៗនេះឯង៕
អត្ថបទ៖ ប៉ាវ ឡុងជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ