លោក Leonardo ថា ប៉ះឥណ្ឌូនេសុី និងអាហ្វហ្គានីស្ថាន សុទ្ធតែសំខាន់ដូចគ្នា

ភ្នំពេញ៖ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Leonardo Vitorino បានលើកឡើងថា ទោះបីជួបឥណ្ឌូនេស៊ីស្អែកនេះ គឺជាជំនួបមិត្តភាពក្ដី ប៉ុន្ដែលោកបានចាត់ទុកថា វាគឺជាការប្រកួតដ៏សំខាន់មួយ ពោលគឺដូចការត្រៀមជួបក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នៅក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ពូលC នាថ្ងៃទី១៣ ខែមិថុនាខាងមុខដែរ ។ លោក Leonardo បានលើកឡើងបែបនេះក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនារសៀលថ្ងៃទី០៧ ខែមិថុនានេះ ។


លោកបានថ្លែងបន្ថែមថា រយៈពេលមិនតិចជាង ២៣ឆ្នាំនោះទេ ដែលកម្ពុជាបរាជ័យក្រោមថ្វីជើងក្រុមឥណ្ឌូនេស៊ី ហើយលោកតែងតែរំឮករឿងនេះដល់កូនក្រុម ដើម្បីបង្កើនស្មារតីប្រយុទ្ធ និងស្វែងរកលទ្ធផលដ៏ល្អប្រសើរមួយ ដើម្បីបំបែកកំណត់ត្រាល្អ សម្រាប់ក្រុមជម្រើសជាតិកម្ពុជា និងអ្នកគាំទ្រផងដែរ ។ ដោយហេតុនេះ លោកបានជំរុញកូនក្រុមខ្លួនឲ្យយកចិត្តទុកដាក់ខ្ពស់បំផុត សម្រាប់ការប្រកួតមិត្តភាពស្អែកនេះ ព្រោះវាជាឱកាសស្ដារកិត្តិយសជូនជាតិ ពិសេសគឺការពង្រឹងសមត្ថភាព សម្រាប់ការត្រៀមប្រកួតផ្លូវការជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នៅក្នុងវគ្គជម្រុះពូលC នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 នៅលើទីលានពហុកីឡដ្ឋានជាតិ នាថ្ងៃទី១៣ ខែមិថុនាខាងមុខ ។

គួរបញ្ជាក់ថា ក្រុមរហស្សនាមគោព្រៃកម្ពុជា នឹងបើកទ្វាពហុកីឡដ្ឋានជាតិ ទទួលក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នៅលើទីលានពហុកីឡដ្ឋានជាតិ នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី០៨ ខែមិថុនាស្អែកនេះ ហើយក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ