អ្នកប្រដាល់អ៊ុង វីរៈ សម្រេចដកខ្លួនចេញពីប្រដាល់សាកលជម្រើសជាតិ

ភ្នំពេញ៖ ទីបំផុតអ្នកប្រដាល់គុនខ្មែរអ៊ុង វីរៈ មកពីក្លិបទ័ពឆ័ត្រយោង៩១១ បានសម្រេចចិត្តដកខ្លួនចេញពីការហាត់ប្រដាល់សាកលជម្រើសជាតិហើយដោយសារតែគេមិនអាចកែបច្ចេកទេសពីគុនខ្មែរទៅជាសាកលបាន ។ អ៊ុង វីរៈដែលមានឈ្មោះពិតថា អ៊ុង ភារាក់ នោះគឺជាអ្នកប្រដាល់គុនខ្មែរមួយរូបប៉ុន្តែក្រោយមករូបគេបានប្តូរមកប្រកួតប្រដាល់សាកលវិញ ដែលអាចបណ្តាលមកពីភាពធូររលុងរបស់សហព័ន្ធរួមនឹងភាពលោភលន់របស់អ្នកប្រដាល់ខ្លួនឯងផង ឬរបស់គ្រូបង្វឹកផង​។ ដោយសារនេះជាការប្រកួតលក្ខណៈជាតិហើយអាជ្ញាកណ្ដាលមិនសូវយកចិត្តទុកដាក់លើបញ្ហាកំហុសបច្ចេកទេសផងនោះ ភារាក់ ក៏ដណ្ដើមបានមេដាយមាសពីការប្រកួតកីឡាប្រដាល់សាកលនេះ ។

ជាមួយនឹងការដណ្ដើមបានមេដាយមាសនេះ ភារាក់ ក៏មានកាតព្វកិច្ចចូលហ្វឹកហាត់ប្រដាល់សាកលជម្រើសជាតិតែម្តង ។ បន្ទាប់ពីចំណាយពេល២-៣ខែមកនោះ ភារាក់ មិនអាចបន្តហ្វឹកហាត់ប្រដាល់សាកលបានឡើយព្រោះសូម្បីតែជំហរប្រកួតក៏គេមិនអាចកែតម្រូវបានផងទីបំផុតអ្នកប្រដាល់រូបនេះបានបង្ខំចិត្តដកខ្លួនចេញពីការហ្វឹកហាត់ប្រដាល់សាកលតែម្ដងទៅ ។ លោកវ៉ែន សុផលគ្រូបង្វឹកប្រដាល់សាកលជម្រើសជាតិបាននិយាយឲ្យដឹងថាការយកអ្នកប្រដាល់គុនខ្មែរមកបង្ហាត់ប្រដាល់សាកលលំបាកណាស់លោកមិនមានសមត្ថភាពដើម្បីកែលម្អគេបានឡើយ ពោលគឺ កែបានតែមួយសន្ទុះគេវិលត្រឡប់ទៅកាន់ទម្រង់ និងជំហរដើមវិញតែម្ដង ។ នេះជាកំហុសរបស់សហព័ន្ធប្រដាល់ដែលធូររលុងដោយអនុញ្ញាតឲ្យអ្នកប្រដាល់គុនខ្មែរចូលរួមប្រកួតប្រដាល់សាកលជើងឯកក្នុងខណៈដែលអាជ្ញាកណ្ដាលគ្មានភាពច្បាស់លាស់ពីបច្ចេកទេសប្រដាល់សាកលផងនោះ ។ទោះបីពេលនេះសហព័ន្ធត្រូវបានបំបែកចេញជា ២គឺសហព័ន្ធប្រដាល់សាកលកម្ពុជា និង សហព័ន្ធប្រដាល់គុនខ្មែរក៏ដោយក៏គេសង្កេតឃើញថានៅតែមានអ្នកប្រដាល់សាកលជម្រើសជាតិលួចទៅវ៉ៃគុនខ្មែរតាមបណ្ដាស្ថានីយ៍ទូរទស្សន៍នានានៅឡើយ ។ សូមបញ្ជាក់ថា សហព័ន្ធប្រដាល់គុនខ្មែរស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកឱត្តមសេនីយ៍ឯកតែម ម៉ឺន រីឯប្រដាល់សាកលកម្ពុជាមានលោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េនជាប្រធាន ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ