Hun Sen Cup៖ ក្រោន, ស្វាយរៀង និងប៉ូលិស ឈ្នះជើងទី១ ខណៈអាសុីអឺរ៉ុបចាញ់

ភ្នំពេញ៖ ក្រុមខ្លាំងៗលំដាប់លីគកំពូលកម្ពុជាឆ្នាំ២០១៦ ចំនួន ៣ក្រុម មានភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង និងអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) សុទ្ធតែយកឈ្នះយ៉ាងចាស់ដៃលើគូប្រជែងរៀងៗខ្លួន សម្រាប់ការប្រកួតជើងទី១ នៃពានរង្វាន់ Hun Sen Cup 2017 ដំណាក់កាលទី៤ ហើយមានតែក្រុមអាស៊ីអឺរ៉ុបមួយគត់ ដែលបរាជ័យក្រោមឡើងមកពីដំណាក់កាលទី៣ គឺក្រុមគិរីវង់សុខសែនជ័យ ។
ចំពោះលទ្ធផលបើកឆាកដំណាក់កាលទី៤ កាលពីម្សិលមិញ រួមមានក្រុមភ្នំពេញក្រោន លត់ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី នៅកីឡដ្ឋាន RSN ដោយលទ្ធផល ៦-០, ក្រុមព្រះខ័នរាជស្វាយរៀង បានបំបាក់ក្រុមខេត្តកំពត ៨-០ លើទឹកដីខ្លួន និងក្រុមប៉ូលិស បានយកឈ្នះក្រុមសូលទីឡូអង្គររបស់តារាបាល់ទាត់កីឡាករ Keisuke Honda ដោយលទ្ធផល ៤-១ ។
រីឯក្រុមអាស៊ីអឺរ៉ុប ដែលជាក្រុមអង្គុយចាំកៅអីដំណាក់កាលទី៤ ដែលនោះ បានប្រកួតចាញ់ក្រុមគិរីវង់សុខសែនជ័យ ២-០ ។ នេះគឺជាការប្រកួតជើងទី១ ចំនួន ៤គូដំបូង រវាងក្រុមលំដាប់លីគកំពូលកម្ពុជា ឆ្នាំ២០១៦ ជាមួយក្រុមឡើងមកពីដំណាក់កាលទី៣ ដើម្បីប្រជែងកៅអីដំណាក់កាលទី៥ នៃពាន Hun Sen Cup 2017 ។ ចំណែក ៤គូផ្សេងទៀត នឹងធ្វើការប្រកួតនៅថ្ងៃទី២១ ខែមិថុនាខាងមុខ ។ ចាំមើលក្រុមណាខ្លះ ទទួលបានជ័យជម្នះ ដើម្បីបង្កើតឱកាសស្វែងរកកៅអីវគ្គបន្ដ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ