ទោះគ្មានសកម្មភាពនៅពេលបច្ចុប្បន្ន តែថ្នាក់ដឹកនាំសហព័ន្ធថាក្រុមហុកគីនារីរីកចម្រើន!

ភ្នំពេញ៖ ក្នុងរយៈពេល ៦ឆ្នាំកន្លងមកនេះ សហព័ន្ធកីឡាហុកគីកម្ពុជាមិនបានរៀបចំធ្វើសកម្មភាពកីឡាណាមួយរបស់ខ្លួនឲ្យលេចធ្លោ ឬឲ្យបានញឹកញាប់ច្បាស់លាស់ក្នុងមួយឆ្នាំៗនោះឡើយ ពោលគឺមានតែសម្បកជាឈ្មោះសហព័ន្ធតែបណ្ណោះ ប៉ុន្តែបែរជាថ្នាក់ដឹកនាំរបស់សហព័ន្ធលើកឡើងថា កីឡាហុកគីនារី មានការអភិឌ្ឍន៍រីកចម្រើនទៅវិញ។
កាលពីពេលថ្មីៗកន្លងទៅនេះ អនុប្រធានសហព័ន្ធកីឡាហុកគីកម្ពុជា លោកកាំង សុធា បានផ្ដល់បទសំភាសន៍ឱ្យសារព័ត៌មានក្នុងស្រុកមួយចំនួន ដោយថ្លែងថា ការរីកចម្រើនឡើងគួរឲ្យកត់សម្គាល់ទាំងផ្នែកបច្ចេកទេស កម្លាំង និងបទពិសោធន៍លើទីលានប្រកួតរបស់កីឡាការិនីហុកគីកម្ពុជានោះ គឺបានដោយសារតែពួកគេបានចូលរួមប្រកួតច្រើននៅលើឆាកអន្តរជាតិ បើប្រៀបធៀបកាលឆ្នាំមុនកន្លងទៅពីព្រោះសហព័ន្ធកីឡាហុកគីបានបញ្ជូនកីឡាការិនីរបស់ខ្លួនទៅប្រកួតដកស្រង់បច្ចេកទេសជាច្រើនលើកតាមបណ្តាប្រទេសក្នុងតំបន់ ។ យ៉ាងណាក៏ដោយមានមតិរិះគន់មួយចំនួនលើកឡើងចំពោះសហព័ន្ធកីឡាហុកគីនេះ ស្របពេលដែល គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និង ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសព្យួរសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា យូដូកម្ពុជា និង សហព័ន្ធកីឡាវ៉ូស៊ូ ដែលទាំង ៣សហព័ន្ធកីឡាជាតិនេះមិនមានសកម្មភាពក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរួមទាំងមិនព្រមធ្វើមហាសន្និបាតផងដែរ ។
មតិរិះគន់នោះបានលើកឡើងបែបនេះថា៖ ឆ្ងល់ដែលហេតុអីបានជា NOCC និងក្រសួងអប់រំព្យួរតែសហព័ន្ធវ៉ូវីណាម យូដូ និង វ៉ូស៊ូ ហើយសហព័ន្ធផ្សេងមួយចំនួនទៀតដែលមិនទាំងមានសកម្មភាពផងជាពិសេសគឺប្រភេទកីឡាហុកគីតែម្ដងបែរជារួចខ្លួនទៅវិញ? ។ ប្រភពដដែលបានបន្តថា បើប្រៀបធៀបរវាងហុកគី និងសហព័ន្ធទាំង ៣នេះវិញ គឺមានតែកីឡាហុកគីទេដែលមិនដែលឃើញមានសកម្មភាពគឺស្ងាត់ឲ្យឈឹងតែម្តង ហើយមកដល់បច្ចុប្បន្ននេះក៏មិនទាន់ធ្វើសន្និបាតនៅឡើយនោះដែរ។ សូមរំលឹកថា កាលពីដើមខែឧសភាកន្លងទៅនេះ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានធ្វើមហាសន្និបាតជ្រើសតាំងថ្នាក់ដឹកនាំថ្មី និងបូកសរុបការងាររបស់ខ្លួននៅអាណត្តិចាស់រួចរាល់អស់ហើយដោយសន្យានឹងធ្វើឱ្យមានសកម្មភាព និង រីកចម្រើនខ្លាំងជាងមុន ។ 
អត្ថបទ៖ ឡុងឈីង

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ