FFC ដាក់ទណ្ឌកម្ម ទូច បញ្ចរ៉ុង មិនឲ្យចូលរួមប្រកួតបាល់ទាត់ ៨ខែ និងពិន័យ ១លានរៀល

ភ្នំពេញ៖ យោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា បន្ទាប់ពីពិនិត្យឃើញថា កីឡាករទូច បញ្ចរ៉ុង របស់ក្លឹបបាល់ទាត់បឹងកេតអេហ្វសុី បានបង្កកំហុសរួចមក គណៈកម្មការវិន័យរបស់សហព័ន្ធបានសម្រេចដាក់ទណ្ឌកម្មលើកីឡាកររូបនេះដោយហាមប្រាមលើការប្រកបអាជីពបាល់ទាត់ ពោលគឺមិនអនុញ្ញាតឲ្យចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍នានារយៈពេល ៨ខែ និងពិន័យជាប្រាក់ចំនួន ១លានរៀលផងដែរ ។

គួររំលឹកថា អំឡុងពេលប្រកួតដោយបឹងកេត ចាញ់ភ្នំពេញក្រោន ២-១ ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជានោះ កីឡាករ ទូច បញ្ចរ៉ុង ត្រូវបានអាជ្ញាកណ្ដាលពិន័យកាតក្រហមបណ្ដេញចេញពីទីលាន ក្រោយបង្កកំហុសលើកីឡាករភ្នំពេញក្រោននៅនាទីទី៣០ ។ ភ្លាមៗនោះ បញ្ចរ៉ុង ហាក់មិនពេញចិត្តនឹងការពិន័យ ក៏ស្ទុះយកក្បាលទៅបុកនឹងផ្ទៃមុខរបស់អាជ្ញាកណ្ដាល បណ្ដាឲ្យអាជ្ញាកណ្ដាលដួលមួយសន្ទុះ។ ទង្វើមិនគប្បីនេះក៏បានបណ្ដាលឲ្យក្លឹបបឹងកេតសម្រេចដាក់ទណ្ឌកម្មម្តងរួចមកហើយដោយកាត់ប្រាក់ខែមួយផ្នែក និងព្រមានមិនឲ្យមានសកម្មភាពខុសឆ្គងបែបនេះទៀតនៅពេលអនាគត ៕

អត្ថបទ៖ បុត្រា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ