Singapore Cup៖ ណាហ្គាអាចស្ដារកិត្តិយសបានទេ ប៉ះម្ចាស់ផ្ទះសិង្ហបុរីយប់នេះ?

ភ្នំពេញ៖ ក្រុមបាល់ទាត់ណាហ្គាវើល នឹងត្រូវជួបក្រុមម្ចាស់ផ្ទះសិង្ហបុរី Balestier Khalsa នាវេលាម៉ោង ៧៖៣០នាទីយប់(ម៉ោងនៅកម្ពុជា) ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងវគ្គជម្រុះបឋមពានរង្វាន់ RHB Singapore Cup 2017 នៅកីឡដ្ឋាន Toa Payoh Stadium ។

នេះគឺជាការចូលរួមលើកទី៣ របស់ក្រុមណាហ្គាវើល ប៉ុន្ដែការពីឆ្នាំមុន ក្រុមដឹកនាំដោយលោក មាស ចាន់ណា នេះបានធ្លាក់ត្រឹមវគ្គជម្រុះដំបូង ក្រោយប្រកួតចាញ់ក្រុមខ្លាំងហ្វីលីពីន Global FC យ៉ាងដំណំក្នុងលទ្ធផល ៥-០ ។ ដូច្នេះចាំយប់នេះ តើណាហ្គាវើល អាចស្ដារកិត្តិយសបានឡើងវិញទេ នៅក្នុងការប្រជែងកៅអីជុំបន្ដជាមួយក្រុមម្ចាស់ផ្ទះសិង្ហបុរីនោះ?

បើគិតពីប្រវត្តិប្រកួតក្នុងលីគរៀងៗខ្លួនមុនគ្នាយប់នេះ ក្រុមណាហ្គាវើល កំពុងឈរចំណាត់ថ្នាក់ល្អជាងក្រុម Balestier Khalsa ដោយពេលនេះណាហ្គាវើល ឈរលេខរៀងទី៣ និងមាន ២២ពិន្ទុជាមួយលទ្ធផល ១២ប្រកួតឈ្នះ៦ ស្មើ៤ និងចាញ់២ រីឯក្រុម Balestier Khalsa ទើបរកបាន ៦ពិន្ទុប៉ុណ្ណោះ ពីការប្រកួត ១០លើកឈ្នះ២ និងចាញ់៨ ដែលត្រូវឈរលេខរៀងទី៧ នៃលីគកំពូលសិង្ហបុរី ។

តាមរយៈលទ្ធផលខាងលើនេះ គេឃើញក្រុមណាហ្គាវើល ហាក់មានប្រៀបលើគូប្រជែងរបស់ខ្លួន ត្បិតអីកាលពីម្សិលម្ងៃក្រុមតំណាងកម្ពុជា បឹងកេត បានលត់ក្រុមឈរលេខរៀងទី៤ នៃលីគកំពូលសិង្ហបុរី គឺក្រុម Warriors FC ដោយលទ្ធផល ៤-១ ។ ដូច្នេះការប្រកួតយប់នេះ តើក្រុមណាឈ្នះ ក្រុមនោះនឹងបន្ដដំណើរទៅវគ្គបន្ទាប់នៃពានរង្វាន់ RHB Singapore Cup 2017 ជាមួយក្រុមបឹងកេតផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ