កីឡាករក្រោន ៦នាក់ និងអាសុីអឺរ៉ុប ២នាក់ ត្រូវបានកោះហៅត្រៀមពានធំៗ ២ ចុងឆ្នាំនេះ

ភ្នំពេញ៖ យោងតាមការជូនដំណឹងរបស់ក្លឹបភ្នំពេញក្រោន និងអាស៊ីអឺរ៉ុប បានឲ្យដឹងថា កីឡាករ ៨នាក់ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កោះហៅមកប្រមូលផ្ដុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិក្រោមអាយុ ១៨ឆ្នាំ(U-18) ដើម្បីត្រៀមការប្រកួតពានរង្វាន់អន្ដរជាតិធំៗ ចំនួន ២ នាចុងឆ្នាំ២០១៧នេះ រួមមានពាន AFF U-18 Championship 2017 និងវគ្គជម្រុះពាន AFC U-19 Championship 2018 ។
 

ចំពោះសមាជិកក្រុម U-18 ចេញពីភ្នំពេញក្រោន គឺមាន ៦នាក់ រួមមានកីឡាករ ស្វែង សំណាង, ជួន ចាន់ចាវ, សួន នឿត, យ៉ើ សាហ្វី, ស៊ិន កក្កដា និងកីឡាករ ម៉ៅ ពិសិដ្ឋ ។ ចំណែកកីឡាករចេញពីក្រុមអាស៊ីអឺរ៉ុប ២នាក់ ដូចជាកីឡាករ ម៉ន កក្កដា និង ម៉ែន ពិភព ។ រីឯសមាសភាពកីឡាករផ្សេងៗទៀត ពុំទាន់ត្រូវបានសសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បង្ហាញជាផ្លូវការនៅឡើយទេ ។
ប្រភពពីក្លឹបភ្នំពេញក្រោន បានឲ្យដឹងទៀតថា បន្ទាប់ពីការកោះហៅប្រមូលផ្ដុំ ក្រុម U-18កម្ពុជា នឹងចេញទៅបោះជំរុំហ្វឹកហាត់មួយរយៈ នៅទីក្រុងហុងកុង នាបំណាច់ខែកក្កដាខាងមុខ ដើម្បីត្រៀមចូលរួមប្រកួតពានរង្វាន់ AFF U-18 Championship 2017 ដែលមីយ៉ាន់ម៉ាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី១៧ ខែកញ្ញា បន្ទាប់មកពួកគេនឹងបោះជំរុំហ្វឹកហាត់នៅវៀតណាមវិញម្ដង ក្នុងអំឡុងខែតុលា ដើម្បីត្រៀមការធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFC U-19 Championship 2018 ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ។
គួរបញ្ជាក់ថា យុទ្ធនាការចូលរួមប្រកួតពានរង្វាន់ AFF U-18 Championship 2017 ក្រុម U-18កម្ពុជា គឺស្ថិតក្នុងពូល A ជាមួយក្រុម U-18ថៃ, ម៉ាឡេស៊ី, សិង្ហបុរី, ទីម័រខាងកើត និងឡាវ ។ ចំណែកការធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFC U-19 Championship 2018 ក្រុមតំណាងកម្ពុជាដដែល ស្ថិតក្នុងពូល H ជាមួយក្រុមយុវជនចិន, មីយ៉ាន់ម៉ា និងហ្វីលីពីន ៕
អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ