កីឡាករភ្នំពេញក្រោនម្នាក់ ស្ថិតក្នុងក្រសែភ្នែកលោក Leonardo ត្រៀមសម្រាប់សុីហ្គេមឆ្នាំនេះ

ភ្នំពេញ៖ បន្ទាប់ពីកោះហៅកីឡាករភ្នំពេញក្រោន ៦នាក់ចូលរួមប្រមូលផ្ដុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជា ត្រៀមប្រកួតមិត្តភាពជាមួយឥណ្ឌូនេស៊ី និងប្រកួតផ្លូវការជាមួយអាហ្វហ្គានីស្ថាន លោក Leonardo Vitorino បានបង្ហើបថា កីឡាករភ្នំពេញក្រោនម្នាក់ទៀត កំពុងឡើងជើងខ្លាំង និងស្ថិតក្នុងក្រសែភ្នែករបស់ខ្លួន សម្រាប់ការជ្រើសរើសត្រៀមស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ីនាពេលខាងមុខ ។

លោក Leonardo បានថ្លែងក្នុងពិធីបង្ហាញបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជា ២៥នាក់កាលពីម្សិលមិញ គ្រាដែលលោកបង្ហាញជំហរផ្លាស់ប្ដូរកីឡាករជាច្រើនដើម្បីអភិវឌ្ឍន៍កីឡាបាល់ទាត់នៅកម្ពុជា ពិសេសគឺផ្ដោតសំខាន់លើកីឡាករយុវជន ។ លោកនិយាយខ្លីថា៖ «ខ្ញុំបានរកឃើញកីឡាករម្នាក់នៅភ្នំពេញក្រោន តែខ្ញុំសូមមិនបញ្ចេញឈ្មោះទេ គឺគាត់បង្ហាញទម្រង់លេងល្អដូច អ៊ិន សុដាវីដ និង ប្រាក់ ធីវ៉ា ដែរ ប៉ុន្ដែគោលដៅ គឺស៊ីហ្គេម ដូច្នេះបញ្ជីឈ្មោះត្រៀមស៊ីហ្គេម ពួកយើងនឹងឃើញឈ្មោះរបស់គាត់» ។

ការលើកឡើងខាងលើនេះ គឺស្របពេលលោកបង្ហាញបញ្ជីឈ្មោះកីឡាករ ២៥នាក់ ដើម្បីត្រៀមប្រកួតមិត្តភាពជាមួយក្រុមភ្ញៀវឥណ្ឌូនេស៊ី នៅថ្ងៃទី០៨ ខែមិថុនា នឹងជួបក្រុមអាហ្វហ្គានីស្ថាន ក្នុងវគ្គជម្រុះពូលC នៃពានរង្វាន់ AFC Asian Cup 2019 នៅថ្ងៃទី១៣ ខែមិថុនាខាងមុខ ហើយក្នុងបញ្ជីឈ្មោះនោះ គេឃើញមានវត្តមានកីឡាករយុវជនជាច្រើន ហើយក៏មានវត្តមានកីឡាករភ្នំពេញក្រោន ៦នាក់ផងដែរ រួមមានកីឡាករយុវជន ប្រាក់ ធីវ៉ា, ឆុំ ភីសា, អ៊ិន សុដាវីដ, សឿត បារាំង និងបងប្អូនត្រកូលកែវ គឺ កែវ សុខង៉ន និង កែវសុខផេង ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ