KRE-League៖ ក្រុម Khmer United និង Blue Dragon បន្ដភាពខ្លាំងរៀងៗខ្លួន

ភ្នំពេញ៖ ឈានដល់សប្ដាហ៍ទី១០ នៃការប្រកួតសន្សំពិន្ទុ ពានរង្វាន់ Khmer Real Estate League 2017 ក្រុមខ្លាំង Khmer United និង Blue Dragon នៅតែបន្ដយកឈ្នះលើគូប្រជែងរៀងៗខ្លួន ដើម្បីរក្សាគំលាតក្នុងការប្រជែងតំណែងកំពូលតារាងកាន់តែតានតឹង ស្របពេលក្រុមមួយចំនួនទៀត បានបង្កើនភាពខ្លាំងដូចគ្នា ដើម្បីបង្កើនឱកាសរក្សា និងប្រជែងកៅអី ៤ក្រុមចុងក្រោយ ។
  
ក្រុម Khmer United បានយកឈ្នះក្រុមកូនខ្មែរ ដោយលទ្ធផល ៥-០ ។ រីឯក្រុម Blue Dragon បានយកឈ្នះក្រុមណារីតា ដោយលទ្ធផល ៣-១ នៅលើទីលានដំរីសកាលពីម្សិលមិញ ។ តាមរយៈជ័យជម្នះ បានធ្វើឲ្យក្រុមខ្លាំងៗទាំងពីរ រកបាន ២៥ពិន្ទុស្មើគ្នាក្នុងសប្ដាហ៍ទី១០ បន្ទាប់ពីឆ្លងកាត់ ១០ប្រកួតឈ្នះ៨ ស្មើ១ និងចាញ់ ១ប្រកួតដូចគ្នា ដើម្បីរក្សាចំណាត់ថ្នាក់លេខ១ និងលេខ២ បណ្ដោះអាសន្ន ។
ចំណែកក្រុមនិស្ស័យ ក៏បានពង្រឹងកៅអី ៤ក្រុមកំពូលតារាងកាន់តែរឹងមាំផងដែ ក្រោយលត់ក្រុម Havas ដោយលទ្ធផល ៣-០ ដើម្បីទទួលបាន ២១ពិន្ទុឡើងទៅឈរលេខរៀងទី៣ គ្រាដែលក្រុម Avatar បានធ្លាក់មកឈរលេខរៀងទី៤ និងរក្សា ២០ពិន្ទុដដែល ក្រោយប្រកួតចាញ់ក្រុមបាយ័ន ដោយលទ្ធផល ២-០ ហើយជ័យជម្នះនេះ បានធ្វើឲ្យក្រុមបាយ័ន ឡើងមកឈរលេខរៀងទី៥ និងមាន ១៩ពិន្ទុ ។
 
ដោយឡែកក្រុម Goodhill ក៏រកបាន ១៩ពិន្ទុផងដែរ បន្ទាប់ពីយកឈ្នះក្រុមបាសាក់ ២-០ ។ រីឯលទ្ធផល ៣ប្រកួតផ្សេងទៀត រួមមានក្រុម Anvaya ប្រកួតស្មើក្រុម V.Train ដោយលទ្ធផល ២-២, ក្រុមខ្លាស យកឈ្នះក្រុម Giant ដោយលទ្ធផល ៣-១ និងក្រុមយុវជនខេត្តកំពង់ចាម លត់ក្រុម HHK ដោយលទ្ធផល ៦-០ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ