កីឡាករកូរ៉េខាងជើងជួយទ័ព លត់វេស្ទើន ៥-១ ខណៈ Cam-Tiger និងស្វាយរៀងបន្ដស្មើគ្នា

ភ្នំពេញ៖ ទីបំផុតក្រុមក្រសួងការពារជាតិ(ទ័ព) បានទទួលទាំងដើមទាំងការដូចការប្ដេជ្ញាចិត្តរបស់គ្រូបង្វឹកលោក ទេព ឡុងរចនា ក្រោយ ក្រោយលត់ក្រុមវេស្ទើនភ្នំពេញ ដោយលទ្ធផល ៥-១ ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា នាយប់ថ្ងៃទី២៧ ខែឧសភានេះ គ្រាដែលក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង និងក្រុមម្ចាស់ផ្ទះ Cambodian Tiger(Cam-Tiger) បានបន្ដចែកគ្នា ១ពិន្ទុម្នាក់ទៀតហើយ បន្ទាប់ពីបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ២-២ ។

សម្រាប់គ្រាប់បាល់ជ័យជម្នះរបស់ក្រសួងការពារជាតិ ក្នុងជំនួបសងសឹក បន្ទាប់ពីប្រកួតចាញ់វេស្ទើន កាលពីជើងទី១ ដោយលទ្ធផល ៣-២ នេះ គឺសុទ្ធតែរកបានដោយកីឡាករកូរ៉េខាងជើង ដែលក្នុងនោះកីឡាករ Kim Yong Hun ធ្វើបាន Hat-Trick ចំនួន ៣គ្រាប់ម្នាក់ឯង(នៅនាទី១៦, ៥៦ និងនាទី៥៨ និងកីឡាករ Choe Myong Ho រកបាន ២គ្រាប់នៅនាទីទី៦ និងនាទី៨៣ មុននឹងកីឡាករ Abodun វាយបកបាន ១គ្រាប់ឲ្យក្រុមវេស្ទើន នៅនាទីទី៧៤ ។

ចំណែកជំនួបរវាងក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង និង Cam-Tiger ដែលលើកពីកីឡដ្ឋានខេត្តសៀមរាប មកប្រកួតនៅកីឡដ្ឋានស្ដាតចាស់ ក្រុមទាំងពីរនៅតែរក្សាលទ្ធផលស្មើគ្នាដូចកាលពីជើងទី១ ដែរ ខណៈជើងទី១ ស្មើគ្នា ១-១ ។ ការប្រកួតនេះតង់ទី១ ក្រុមទាំងពីរមិនអាចទម្លាយសំណាញ់ទីគ្នាបានឡើយ ។ តែចូលតង់ទី២ ភ្លាមកីឡាករ Timothy រកបាន ១គ្រាប់ឲ្យ Cam-Tiger ប៉ុន្ដែត្រូវកីឡាករ Bisan George និង Chigozie វាយបកបាន ២គ្រាប់នៅតង់ទី២ ឲ្យព្រះខ័នរាជស្វាយរៀង តែត្រូវកីឡាករ Kawabata Yugo រកបាន ១គ្រាប់ឲ្យ Cam-Tiger ដើម្បីតាមស្មើ ២-២ មុននឹងបញ្ចប់ការប្រកួត ។

តាមរយៈលទ្ធផលខាងលើ ពេលនេះក្រុមព្រះខ័នរាជស្វាយរៀង នៅតែបន្ដឈរកំពូលតារាង និងមាន ២៥ពិន្ទុ ជាមួយលទ្ធផល ១២ប្រកួតឈ្នះ៧ ស្មើ៤ និងចាញ់១ ខណៈក្រុមក្រសួងការពារជាតិ បានតាមពីក្រោយយ៉ាងប្រកៀកប្រកិតជាមួយនឹងការមាន ២៤ពិន្ទុក្នុងដៃ ឈរលេខរៀងទី២ បន្ទាប់ពីបញ្ចប់ការប្រកួត ១២លើកឈ្នះ៧ ស្មើ៣ និងចាញ់២ ។ ចំណែកក្រុម Cam-Tiger បានរក្សាកៅអីលេខរៀងទី៦ ដដែលដោយមាន ១៨ពិន្ទុ ជាមួយលទ្ធផល ១២ប្រកួតឈ្នះ៤ ស្មើ៦ និងចាញ់២ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ