កីឡាយុទ្ធគុនទាំងបីប្រភេទក្នុងក្រសែភ្នែកទស្សនិកជនកម្ពុជា

ក្នុងចំណោមកីឡាជាច្រើនប្រភេទដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ប្រដាល់សេរីត្រូវបានគេទទួលស្គាល់ថាជាកីឡាដែលមានប្រជាប្រិយភាពដុះស្នឹមទៅហើយក្នុងស្រទាប់មហាជនខ្មែរទូទៅ ក៏ប៉ុន្តែនៅលើសង្វៀនប្រកួតទាំងឡាយមិនមែនត្រឹមតែប្រដាល់សេរី ឬ គុនខ្មែរតែមួយមុខនោះទេ ពោលគឺមានទាំងប្រដាល់សកល និងការប្រកួតក្បាច់គុណចម្រុះ (MMA) ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ច្រើនឡើងៗពីទស្សនិកជនផងដែរ។
ជារៀងរាល់សប្តាហ៍ស្ទើរតែគ្រប់ស្ថានីយ៍ទូរទស្សន៍ទាំងអស់សុទ្ធតែមានសម្លេងហ៊ោឡើងព្រមៗគ្នាជាមួយនឹងភ្លេងបុរាណដែលបន្លឺយោលយោកទៅតាមចង្វាក់របស់កីឡាដែលកំពុងប្រយុទ្ធនៅលើរេញនីមួយៗ ដោយរួមមានទាំងការប្រកួតប្រចំាសប្តាហ៍ ប្រចាំខែ ឬ ក៏ដើម្បីដណ្តើមខ្សែក្រវាត់ និង ប្រាក់រង្វាន់ផ្សេងៗ អាស្រ័យទៅតាមម្ចាស់ឧបត្ថម្ភកម្មវិធីនោះតែម្តង។ មួយវិញទៀតការប្រកួតទាំងអស់នេះសុទ្ធតែត្រូវបានរៀបចំឡើងទៅតាមប្រភេទនៃក្បាច់ប្រយុទ្ធ និងតាមការចង់បានរបស់អ្នករៀបចំផ្ទាល់តែម្តង។ ក្នុងនោះកីឡាករជាច្រើនរូបបានឡើងមកបញ្ចេញស្នាដៃទៅតាមជំនាញរបស់ខ្លួនយ៉ាងស្វិតស្វាញ និងប្រកបដោយភាពក្លាហាន។
« ចំពោះកីឡាប្រដាល់សកល នៅព្រះរាជាណាចក្រកម្ពុជា គឺមានជាយូរមកហើយ គិតមកដល់ពេលនេះខ្ញុំបានប្រលូកក្នុងអាជីពនេះប្រមាណជាង១០ឆ្នាំហើយដែរ។» នេះជាសម្តីរបស់កីឡាករ វ៉ែន ឌីយ៉ាម៉ង់ ដែលជាកីឡាករប្រដាល់សកលអាជីពមួយរូបមកពីក្លឹបកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយរូបគេក៏ជាកីឡាករដែលពោរពេញទៅដោយបទពិសោធន៍ក្នុងវិស័យកីឡាប្រដាល់សកលនេះថែមទៀតផង។ កីឡាកររូបនេះបានបន្តថា៖ «វិធីសាស្រ្តនៃការវាយរវាងប្រដាល់សកល និងប្រដាល់សេរី មានភាពខុសគ្នាច្រើនដោយប្រដាល់សេរីអាចប្រើ ដៃ ជង្គង់ កែង និងជើង បានទាំងអស់តែម្តង កុំឲ្យតែវ៉ៃចំកន្លែងសំខាន់ ប៉ុន្តែចំពោះប្រដាល់សកលវិញ យើងអាចប្រើបានតែដៃមួយមុខគត់ហើយការវាយដោយដៃនោះបានគឺត្រូវវាយចាប់ពីត្រឹមចង្កេះឡើងទៅលើតែប៉ុណ្ណោះប្រសិនបើយើងវាយខុសពីកន្លែងទាំងនោះយើងអាចនឹងត្រូវដកពិន្ទុឬទទួលការព្រមានពីអាជ្ញាកណ្តាលជាក់ជាមិនខាន។» ជាការពិតណាស់ចំនែកឯចំនួនទឹកវិញពីដំបូងឡើយមានតែ៣ទឹកប៉ុណ្ណោះសម្រាប់កីឡាករមិនមែនអាជីពប៉ុន្តែចាប់តាំងពីឆ្នាំ២០១២មកសម្រាប់កីឡាករប្រដាល់សកលអាជីពត្រូវប្រកួត ៦ទឹកពេញហើយក្នុងមួយទឹកមានរយៈពេល ៣នាទី។ ចំពោះការហ្វឹកហាត់របស់ប្រដាល់សកល និងប្រដាល់សេរីគឺដូចគ្នានោះទេគ្រាន់តែខុសគ្នាត្រង់ថាការហ្វឹកហាត់ប្រដាល់សកលទាមទារឲ្យមានគ្នាពីរនាក់ឡើងទៅទើបហាត់បានព្រោះដើម្បីហាត់សមដៃគ្នាទៅវិញទៅមកហើយមិនត្រូវការជាចាំបាច់ឲ្យមានសម្ភារៈសម្រាប់ហ្វឹកហាត់ច្រើនដូចកីឡាប្រដាល់សេរីនោះទេ។
បើតាម ឌីយ៉ាម៉ង់ ប្រដាល់សេរីមានភាពពេញនិយមច្រើនជាងប្រដាល់សកល ទាំងការហ្វឹកហាត់ និងមានចំនួនអ្នកចូលរួមទស្សនាច្រើនជាងប្រដាល់សកលដោយហេតុថានៅរៀងរាល់ការប្រកួតប្រដាល់សេរីមានអ្នកចូលទស្សនាច្រើននឹងម្យ៉ាងការប្រកួតប្រដាល់សេរីមានភ្លេងប្រគំអមជាមួយនឹងការប្រកួតជាការពញ្ញាក់អារម្មណ៍ដល់កីឡាករក៏ដូចជាអ្នកទស្សនាទៅតាមភ្លេងដែលប្រគំ យ៉ាងញាប់រន្ថើន ធ្វើឲ្យញាប់ញ័រនៅក្នុងការប្រកួតជាពិសេសការប្រើ ជង្គង់ កែង ដៃ និងជើង ជាហេតុធ្វើឲ្យអ្នកទស្សនា ជក់ចិត្ត ទៅតាមចង្វាក់ភ្លេង និងការបញ្ចេញស្នៀតពិសេសដូចជា កែងបក ឬនាគវ័ធកន្ទុយជាដើម។ ដែលក្បាច់ទាំងនេះពិបាកហាត់ និងជាក្បាច់កេរ្តិ៍តាំងពីដូនតាមកម្ល៉េះ។ រីឯចំពោះការប្រកួតកីឡាប្រដាល់សកលវិញគឺមិនមានភ្លេងប្រគំអមនៅពេលប្រកួតនោះ ទេដែលជាហេតុធ្វើឲ្យការប្រកួតហាក់ស្ងប់ស្ងាត់មិនដាស់ស្មារតីអ្នកប្រយុទ្ធឲ្យចូលខ្លួនប្រឡូកក្នុងការប្រកួតតែផ្ទុយទៅវិញកីឡាករប្រដាល់សកលត្រូវតាំងចិត្តឲ្យស្ងប់ហើយរកកន្លែងចន្លោះ ឬធ្វេសប្រហែសរបស់គូបដិបក្ខដើម្បីវាយទៅគូប្រកួត និងប្រើបានតែដៃធ្វើឲ្យសកម្មភាពប្រកួតមិនសូវរស់រវើកដូចប្រដាល់សេរីនោះឡើយ។
ចំណែកឯកីឡាការិនី សំ ថារ័ត្ន ដែលចេះក្បាច់គុនល្បុក្កតោហើយក៏បានចាប់អាជីពជាកីឡាការិនីប្រដាល់សេរីផងនោះបានប្រាប់ថា៖ «មូលហេតុដែលខ្ញុំចាប់យកអាជីពនេះក៏ព្រោះតែខ្ញុំចូលចិត្តកីឡានេះ ដំបូងឡើយខ្ញុំបានសុំគេឡើងវាយក្រោយមកក៏បន្តមកដល់សព្វថ្ងៃនេះតែម្តង។» ថារ័ត្នក៏បានបន្តថា៖ «ការចាប់អាជីពជាកីឡាការីនីប្រដាល់សេរីគឺមានលំបាកច្រើនទាំងកាយ និងចិត្តព្រោះការចាប់ផ្តើមដំបូងក្រោយពីប្រកួតរួច ២ ឬ ៣ ថ្ងៃក៏នៅតែឈឺខ្លួនដែរ ហើយណាមួយគ្រួសារមិនពេញចិត្តនឹងអាជីពរបស់ខ្ញុំនេះទេ។ ទោះបីជាយ៉ាងណាខ្ញុំតែងតែលើកទឹកចិត្តខ្លួនឯងថាប្រសិនបើមិនចាប់ផ្តើមពីយើងទេនោះមនុស្សស្រីមួយចំនួននៅតែមិនហ៊ានធ្វើអ្វីដែលខ្លួនចូលចិត្តនោះទេព្រោះតែភាពភ័យខ្លាច និងរារែកណាមួយខ្ញុំចង់បង្ហាញមនុស្សក្នុងសង្គមសព្វថ្ងៃថាមនុស្សស្រីមិនដូចពួកគេគិតថា វិលចង្រ្កានមិនជុំនោះទេ។»
បែរមកមើលកីឡាប្រកួតក្បាច់គុនចម្រុះ ឬវាយដាក់ទ្រុង ឬហៅកាត់ថា MMA (Mixed Martial Arts) ដែលជាកីឡាមានប្រភពមកពីបរទេសឯណេះវិញវាមានភាពខុសប្លែកពីកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរជាច្រើន។ ភាពខុសគ្នានោះគឺថា នៅក្នុងពេលប្រកួតទោះបីគូប្រកួតដួលនៅលើរេញយ៉ាងណាក៏ដោយ យើងអាចវាយបានរហូតដល់គូប្រកួតសុំចុះចាញ់ ឬអាជ្ញាកណ្តាលបំបែកហើយអាចប្រើជើង ដៃ ជង្គង់ កែង បានទាំងអស់វាខុសពីប្រដាល់សេរីប្រសិនបើកីឡាករណាមួយដួលគឺមិនអនុញ្ញាតឲ្យវាយថែមនោះទេ។ យ៉ាងណាក៏ដោយការប្រកួតMMA នៅលើសង្វៀននៃទូរទស្សន៍បាយ័ន គឺវាមានភាពខុសគ្នាបន្តិចពី MMA នៅបរទេស ដោយសារតែមុនពេលការប្រកួតគឺគេអនុញ្ញាតឲ្យកីឡាករអាចធ្វើការរំលឹកគុណគ្រូហើយនៅពេលដែលយើងកំពុងប្រកួតក៏មានភ្លេងដូចជាកីឡាប្រដាល់ខ្មែរដែរ។
ជារួមគ្រប់ទម្រង់នៃការវាយប្រយុទ្ធនៅលើសង្វៀនមិនថាជាការប្រកួតប្រដាល់សេរី ឬ ប្រដាល់សាកល ឬជាក្បាច់ប្រកួតចម្រុះនោះទេ ទស្សនិកជនខ្មែរនៅតែមានការគាំទ្រជាដរាប អ្វីដែលកាន់តែពិសេសនោះគឺអត្តសញ្ញាណរបស់ជាតិខ្មែរក៏ត្រូវបានគេយកមកលាយបញ្ចូលជាមួយនឹងសកម្មភាពនៅលើសង្វៀនថែមទៀតផង៕

Kun Khmer Boxingកីឡាប្រដាល់សេរី

Boxing 3កីឡាប្រដាល់សកល

Khmer MMAកីឡាប្រកួតក្បាច់គុនចម្រុះ ឬវាយដាក់ទ្រុង

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ