លោក Leonardo នឹងបង្ហាញបញ្ជីឈ្មោះកីឡាករជម្រើសជាតិលើកទី២ នាដើមសប្ដាហ៍ក្រោយ

ភ្នំពេញ៖ លោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើការបង្ហាញបញ្ជីឈ្មោះកីឡាករជម្រើសជាតិជាថ្មី នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ដើមសប្ដាហ៍ក្រោយនេះ ដើម្បីធ្វើការប្រមូលផ្ដុំត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី និងវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 នាពេលឆាប់ៗខាងមុខ ។ នេះបើតាមការឲ្យដឹងពីមន្ដ្រីព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។

នេះជាលើកទី២ ហើយ ដែលគ្រូបង្វឹកសញ្ជាតិប្រេស៊ីលលោក Leonardo ធ្វើកម្មវិធីបង្ហាញសមាភាពកីឡាករជម្រើសជាតិផ្លូវការ មុននឹងលោកធ្វើការប្រមូលផ្ដុំហ្វឹកហាត់ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានាបន្ទាប់ពីអតីតគ្រូបង្វឹកក្រុម Lanexang United របស់ឡាវនេះ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តែងតាំងធ្វើជាគ្រូបង្វឹកក្រុមរហស្សនាមគោព្រៃកម្ពុជាអស់រយៈពេលជិត ៣ខែកន្លងទៅ ។

យ៉ាងណាមិញអ្នកគាំទ្រជាច្រើន កំពុងរង់ចាំមើលកីឡាករ ដែលលោកជ្រើសរើសលើកទី២ នេះ តើមានវត្តមាននរណាខ្លះ បន្ទាប់ពីលោកធ្លាប់បានអះអាងនឹងមានការផ្លាស់ប្ដូរច្រើន ក្រោយដឹកនាំក្រុមបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះហ្ស៊កដានី ដោយលទ្ធផល ៧-០ ក្នុងប្រកួតទី១ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ពូលC កាលពីចុងខែមីនា ឆ្នាំ២០១៧នេះ ។

ចំពោះការប្រមូលផ្ដុំលើកទី២ ដែលគ្រោងនឹងចាប់ផ្ដើមនាដើមខែមិថុនា ក្រោយការបង្ហាញបញ្ជីឈ្មោះកីឡាករជម្រើសជាតិនាដើមសប្ដាហ៍ក្រោយនេះ គឺផ្ដោតសំខាន់លើការប្រកួត ២ រួមមានការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមភ្ញៀវឥណ្ឌូនេស៊ី នាថ្ងៃទី០៨ ខែមិថុនា បន្ទាប់មកគឺការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup 2019 ពូលC ដោយជួបក្រុមភ្ញៀវអាហ្វហ្គានីស្ថាន នៅថ្ងៃទី១៣ ខែមិថុនាខាងមុខ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ