ជា សំនៀង និង សុខ សុវណ្ណ នាំគ្នាបំបាក់ថៃដោយពិន្ទុ

ភ្នំពេញ៖ ក្នុងការប្រកួតប្រដាល់លើសង្វៀនខឹស៊ីមេនរបស់អាស៊ីអាគ្នេយ៍កាលពីយប់ថ្ងៃទី២៦ ខែឧសភាកន្លងទៅថ្មីៗនេះ អ្នកប្រដាល់កម្ពុជា២រូបបានយកឈ្នះអ្នកប្រដាល់ថៃដោយពិន្ទុដូចគ្នា ។ កីឡាករ សុខ សុវណ្ណ មកពីសមាគមប្រដាល់ក្រសួងការពារជាតិបានយកឈ្នះអ្នកប្រដាល់ថៃកង សាយ៉ាម (Korng Sayam) ដោយពិន្ទុទាំងលំបាក ។សុវណ្ណដែលព្យាយាមតាំងពីទឹកទី១ទៅដើម្បីផ្ដួលកង សាយ៉ាម ឲ្យបានរហ័សនោះបែរជាមិនអាចធ្វើបានដោយសារអ្នកប្រដាល់ថៃរូបនេះក៏មិនខ្សោយដែរគឺគេច្រាសមកវិញធ្វើឲ្យសុវណ្ណលស់ព្រលឹងលោតថយក្រោយដើម្បីគេចចេញពីការវាយប្រហារ ។

សាយ៉ាមវ៉ៃចេញមួយៗក្រៅពីនោះគេដកថយ និងការពារច្រើនជាងវាយលុក ។ ការវាយលុករបស់អ្នកប្រដាល់ថៃរូបនេះមានប្រសិទ្ធិភាពគ្រាន់បើ ។ ការវ៉ៃចេញរបស់សុវណ្ណក៏ចំគោលដៅបានច្រើនដែរ ។ អ្នកប្រដាល់ទាំង ២រូបនេះប្រកួតគ្នា៥ទឹកពេញដោយទីបំផុត សុខ សុវណ្ណឈ្នះពិន្ទុលើកង សាយ៉ាម ។

ជា សំនៀងក្លិបទ័ពឆ័ត្រយោង៩១១ បានប្រកួតឈ្នះអ្នកប្រដាល់ថៃសៀរ ផៃ(Sear Phay)ដោយពិន្ទុដែរបន្ទាប់ពីប្រកួតគ្នា ៥ ទឹកពេញនោះ ។ សំនៀងដែលចូលចិត្តប្រើជង្គង់ និងកែងវាយប្រហារគូប្រកួតនោះលើកនេះអាវុធសំខាន់របស់គេបែរជាវាយចេញមិនសូវរួចមិនតែប៉ុណ្ណោះជង្គង់ និងកែងរបស់សៀរ ផៃក៏វាយសងវិញដោយគ្មានញញើតដែរ ។ ស្ថានភាពនៃការប្រកួតគេសង្កេតឃើញថាសំនៀងសម្រុកចូលច្រើន ចំណែកឯសៀផៃវ នៅចាំត្រង និងវាយបកមកវិញពេលសំនៀងបាត់បង់ជំហរ ។ ពួកគេប្រកួតគ្នា៥ ទឹកពេញដោយជា សំនៀង បានទទួលជ័យជម្នះលើសៀរ ផៃដោយពិន្ទុទាំងប្រផិយប្រផើយជាទីបំផុត ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ