តេក្វាន់ដូ W.T.F ពិនិត្យមើលសកម្មភាពការងាររបស់ខ្លួនកាលឆ្នាំកន្លង និងត្រៀមសម្រាប់ឆ្នាំថ្មី

ភ្នំពេញ៖ ខេមរសហព័ន្ធកីឡាតេក្វាន់ដូស្ទីល W.T.F (World Taekwondo Federation) ដែលជាតេក្វាន់ដូរបស់សាធារណរដ្ឋកូរ៉េនោះនៅព្រឹកថ្ងៃទី២៧ ខែឧសភានេះបានធ្វើសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ខ្លួន និងលើកទិសដៅសម្រាប់ឆ្នាំបន្ត ក្រោមអធិបតីភាពឯកឧត្តមហង់ ជួនណារ៉ុន ប្រធានខេមរសហព័ន្ធ។  អង្គមហាសន្និបាតបានតាមដានស្ដាប់របាយការណ៍បូកសរុបការងារឆ្នាំ២០១៦ ដែលរាយការណ៍ដោយលោកគង់ សក្ខិដា ដែលជាអគ្គលេខាធិការរបស់សហព័ន្ធ ។ បន្ទាប់មកបានតាមដានស្ដាប់របាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០១៦ ដែលអានដោយលោកជាតិ ខេមរា ជាអគ្គហិរញ្ញិក ។ ក្រោយមកទើបសមាជិកអង្គសន្និបាតបានអនុម័តលើរបាយការណ៍សកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ។

គួរបញ្ជាក់ថា ក្នុងឆ្នាំកន្លងមកសហព័ន្ធបានបើកវគ្គអាជ្ញាកណ្ដាលចៅក្រមបានចំនួន ៥លើកដែលមានសិក្ខាកាមចំនួន ៦៧នាក់ក្នុងនោះស្ត្រី ១១នាក់ ។ ប្រឡងខ្សែក្រវាត់ខ្មៅ Kukkiwon (World Taekwondo Headquarters) ចំនួន ៦លើកទូទាំងប្រទេសសរុប ៤៦៥នាក់។ ការប្រឡងទាំង ៦លើកនេះមានកម្រិតខ្សែក្រវាត់ខ្មៅ១ដាន់ចំនួន ៣៤៧នាក់, ២ដាន់ចំនួន៦៩នាក់, ៣ដាន់ចំនួន ៣០នាក់, ៤ដាន់ចំនួន១១នាក់, ៥ដាន់សំនួន៧នាក់ និង ៦ដាន់ចំនួន ១នាក់ ។

ចំពោះការរៀបចំព្រឹត្តិការណ៍កីឡាបានរៀបចំការប្រកួតសម្រាប់កុមារ និងយុវជនផ្នែក W.T.F ក្នុងកម្មវិធី Hope 2023 ចំនួន ៥លើកចូលរួមប្រកួតកីឡាជាតិឆ្នាំ២០១៦ បាន​១លើករៀបចំព្រឹត្តិការណ៍ប្រកួត Korean Ambassador’ Cup <Best of The Best2016>ចំនួន ១លើក ។ចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិបាន ៥លើកគឺព្រឹត្តិការណ៍ Asian Qualify នៅហ្វីលីពីននិងទទួលបានមេដាយមាស ១គ្រឿង, Asian Taekwondo Championships នៅហ្វីលីពីនបានមេដាយប្រាក់ ១គ្រឿង និងសំរិទ្ធ ១គ្រឿង ។ ចូលរួមក្នុងព្រឹត្តិការណ៍ Children of Asian Sport Games2017 នៅប្រទេសរុស្ស៊ីបានមេដាយសំរិទ្ធ ១គ្រឿងចូលរួមប្រកួតកីឡា Olympic Games នៅទីក្រុង Rio ប្រទេសប្រេស៊ីលតែមិនបានមេដាយនៅឡើយទេ ។ ចូលរួមក្នុងព្រឹត្តិការណ៍ World Taekwondo Junior Championships 2016 នៅប្រទេសកាណាដាតែមិនបានមេដាយឡើយ ។ ជារួមក្នុងព្រឹត្តិការណ៍អន្តរជាតិទាំងនេះ រកបានមេដាយចំនួន ៤គ្រឿងដែលក្នុងនោះមេដាយមាស ១គ្រឿងប្រាក់ ១គ្រឿងដែលរកបានដោយកីឡាការិនីស៊ន សៀវម៉ី ដែលបានពីព្រឹត្តិការណ៍Asian Qualify និងព្រឹត្តិការណ៍ Asian Taekwondo Championships។ កីឡាការិនីឈឿង ពុទ្ធារីម បានមេដាសំរិទ្ធ១គ្រឿងក្នុងព្រឹត្តិការណ៍ Asian Taekwondo Championships  និង ១គ្រឿងទៀតរកបានដោយកុមារីកុល ប៊ុតសានី ដែលបានពីព្រឹត្តិការណ៍ Children of Asian Sport Games 2017 ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ