ខ្សែក្រវាត់គោជល់៖ សេក គឹមរូន សង្ឃឹមផ្តួលអ្នកប្រយុទ្ធថៃបានសម្រេចដើម្បីឡើងវគ្គបន្តទៀត!

ភ្នំពេញ៖ នៅក្នុងព្រឹត្តិការណខ្សែក្រវាត់គោជល់រជ្ជកាលទី៧នេះ អ្នកប្រដាល់សេក គឹមរូន មកពីក្លិបអង្គរមានជ័យខេត្តសៀមរាបបានឈានមកដល់ការប្រកួតចុងក្រោយហើយដោយនៅថ្ងៃទី២៧ ខែឧសភានេះរូបគេនឹងត្រូវជួបជាមួយអ្នកប្រដាល់ថៃ Mongkhunphert Naya Porviv ដែលការប្រកួតនេះគឹមរូនត្រូវការឈ្នះដាច់ខាតដើម្បីមានឱកាសឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាបន្តទៀត ខណៈដែលមានអ្នកប្រដាល់កម្ពុជា ៣រូបហើយដែលបានកក់កៅអីសម្រាប់ឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគឺ ឃីម ឌីម៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ, ឆៃ សារ៉ា មកពីសមាគមប្រដាល់ក្រសួងការពារជាតិ និង ឌុម កែវដា មកពីក្លិបម្កុដរាជសីហ៍ ។

សូមបញ្ជាក់ថា គឹមរូនមានប្រវត្តិប្រកួត ៤៤ដង ឈ្នះ៣៤ដង ចាញ់១០ដង និងវាយគូប្រកួតឲ្យសន្លប់បាន ១១ដងនោះ ៣ប្រកួតរបស់គេក្នុងព្រឹត្តិការណ៍នេះឈ្នះ ២ ប្រកួតចាញ់ ១ប្រកួត ។ មួយប្រកួតនេះបើគេឈ្នះគេនឹងបានឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ចំពោះអ្នកប្រដាល់ថៃ Mongkhunphert Naya Porvivគេមានប្រវត្តិប្រកួតចំនួន១១១ដង ឈ្នះ៩០ដង ចាញ់ ១៧ដង ស្មើពិន្ទុ៤ដង និងវាយគូប្រកួតឲ្យសន្លប់បាន១៩ដង ។ អ្នកប្រដាល់ថៃរូបនេះទោះបីគេចាញ់ ឬ ឈ្នះក៏ហាលអាវដែរព្រោះ ៣ប្រកួតរបស់គេក្នុងព្រឹត្តិការណ៍នេះចាញ់ទាំង ៣ ប្រកួត ។គេជឿថាអ្នកប្រដាល់ថៃ Mongkhunphert Naya Porviv នឹងមិនមែនជាឧបសគ្គសម្រាប់សេក គឹមរូននោះឡើយ ។គឹមរូននឹងឈ្នះក្នុងការប្រកួតនេះជាមិនខានឡើយ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ