លីគកំពូលកម្ពុជា៖ Cam-Tiger ប៉ះស្វាយរៀងស្អែក ត្រូវប្ដូរមកប្រកួតនៅស្ដាតចាស់ ព្រោះ…!

ភ្នំពេញ៖ យោងតាមការជូនដំណឹងរបស់ក្រុម Cambodian Tiger បានឲ្យដឹងថា ការបើកទ្វាផ្ទះទទួលក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ដែលគ្រោងធ្វើឡើងនៅកីឡដ្ឋានខេត្តសៀមរាប នាល្ងាចថ្ងៃទី២៧ ខែឧសភាស្អែកនេះ ត្រូវបានផ្លាស់ប្ដូរទីលានមកប្រកួត នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្ដាតចាស់)វិញហើយ ។

ជុំវិញការផ្លាស់ប្ដូរទីលាននេះ ត្រូវប្រភពខាងលើបញ្ចាក់ថា «ព្រោះនៅមុនថ្ងៃប្រកួត ឬថ្ងៃប្រកួតអាចនឹងមានអាកាសធាតុមិនអំណោយផល(ភ្លៀងធ្លាក់ខ្លាំង) ដែលយើងមិនអាចមានពេលគ្រប់គ្រាន់ ដើម្បីជួសជុលទីលានបានទាន់ពេលវេលា ។ ដូចនេះវាអាចធ្វើឲ្យប៉ះពាល់ដល់ទីលានប្រកួត ដោយសារហេតុផលនេះហើយទើបមិនអាចប្រកួតនៅកីឡដ្ឋានខេត្តសៀមរាបបាន» ។ នេះគឺជាជំនួបជើងទី២ រវាងក្រុមខ្លាំងទាំងពីរ ខណៈកាលពីជើងទី១ ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បានត្រឹមស្មើ Cambodian Tiger ១-១ ។ ដូច្នេះចាំមើលតើជំនួបបើកឆាកជើងទី២ រវាងក្រុមទាំងពីរ នឹងបញ្ចប់ដោយលទ្ធផលបែបណា បើក្រុមទាំងពីរសុទ្ធតែត្រូវការ ៣ពិន្ទុរៀងៗខ្លួន ពិសេសគឺក្រុម Cambodian Tiger ដែលកំពុងឈរលេខរៀងទី៦ ដើម្បីស្វែងរកកៅអីឡើងទៅកំពូលតារាង(Top-4) ។

គួរបញ្ជាក់ថា ឆ្លងកាត់ការប្រកួត ១១សប្ដាហ៍កន្លងទៅក្រុមព្រះខ័នរាជស្វាយរៀង បានឈរកំពូលតារាងពិន្ទុបណ្ដោះអាសន្ន ដោយរកបាន ២៣ពិន្ទុជាមួយលទ្ធផល ១១ប្រកួតឈ្នះ៧ ស្មើ៣ និងចាញ់១ ។ រីឯក្រុម Cambodian Tiger ពេលនេះកំពុងឈរលេខរៀងទី៦ និងមាន ១៧ពិន្ទុក្នុងដៃ បន្ទាប់ពីបញ្ចប់ការប្រកួត ១១លើកឈ្នះ៤ ស្មើ៥ និងចាញ់ ២ប្រកួត ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ