កម្ពុជា ប្តេជ្ញាបង្កើតសាកលវិទ្យាល័យកីឡាឲ្យបាននៅចុងឆ្នាំ២០១៨

ភ្នំពេញ៖ ពេលនេះក្រសួងអប់រំយុវជន និងកីឡាកំពុងតែឈ្មុសឈ្មុលដើម្បីតម្លើងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាឲ្យទៅជាសាកលវិទ្យាល័យកីឡាវិញ ។ឯកឧត្តមប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍ថាដើម្បីដំឡើងវិទ្យាស្ថានមួយឲ្យទៅជាសាកលវិទ្យាល័យយ៉ាងហោចណាស់ក៏ត្រូវមានមហាវិទ្យាល័យ ៣ ជាចំណុះដែរ ហើយសម្រាប់ប្រទេសគេមានមហាវិទ្យាល័យចំណុះពី ៥ ទៅ ៦ឯណោះ ។

លោកបានមានប្រសាសន៍ទៀតថា វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាសព្វថ្ងៃបណ្ដុះបណ្ដាលតែមួយមុខវិជ្ជាប៉ុណ្ណោះគឺមុខវិជ្ជាអប់រំកាយ និងកីឡា ដែលការសិក្សាមានរយៈពេល ២ឆ្នាំហើយបន្ទាប់ពីចប់ការសិក្សាពួកគេក្លាយជាគ្រូអប់រំកាយ និងកីឡាក្នុងសាលារៀន ។ យ៉ាងណាក៏ដោយតាមការគ្រោងទុក នៅចុងឆ្នាំ២០១៨ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡានឹងក្លាយជាសាកលវិទ្យាល័យកីឡាដំបូងគេនៅកម្ពុជា ប៉ុន្តែពេលនេះបញ្ហាប្រឈមកំពុងតែកើតមាននោះគឺការខ្វះខាតគ្រូ ហើយគ្រូមួយចំនួនធំកំពុងតែបណ្ដុះបណ្ដាលនៅក្រៅប្រទេសដែលពួកគេត្រូវបញ្ចប់ការសិក្សានៅឆ្នាំ២០២០ ឯណោះ ប៉ុន្តែឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានប្ដេជ្ញាចិត្តបង្កើតសាកលវិទ្យាល័យកីឡាឲ្យបាននៅចុងឆ្នាំ២០១៨ ខាងមុខ ។

ឯកឧត្តមប៊ូ ជុំសេរី ដែលជាប្រធានគណៈកម្មការរៀបចំបង្កើតសាកលវិទ្យាល័យកីឡា មានប្រសាសន៍បន្ថែមថាមហាវិទ្យាល័យចំនួន ៣ដែលជាចំណុះនឹងត្រូវបង្កើតឡើង ។ មហាវិទ្យាល័យទាំង ៣ នោះគឺមហាវិទ្យាល័យអប់រំកាយ និងកីឡា, មហាវិទ្យាល័យវិញ្ញាសាកីឡាជំនាញ និងមហាវិទ្យាល័យគ្រប់គ្រង និងរដ្ឋបាលកីឡា ។ ជាមួយគ្នានេះដែរ ខណៈដែលឯកឧត្តមទើបតែត្រឡប់មកពីធ្វើទស្សនកិច្ចស្វែងយល់ពីសាកលវិទ្យាល័យកីឡានៅទីក្រុង Nantes ប្រទេសបារាំងនោះ បានអះអាងថា៖ «យើងនឹងចុះ MOU ជាមួយសាកលវិទ្យាល័យកីឡានៅ Nantes ដើម្បីឲ្យគេជួយយើងក្នុងការរៀបចំកម្មវិធីសិក្សា ដោយនៅខែកក្កដាខាងមុខនេះអ្នកឯកទេស ៣រូបនៃសាកលវិទ្យាល័យកីឡានៅ Nantes នឹងរៀបចំកម្មវិធីសិក្សា ដែលកម្មវិធីនោះត្រូវតែមានតម្លៃជាសាកលតែម្ដង ។ សម្រាប់ប្រទេសគេសាកលវិទ្យាល័យកីឡាមានមហាវិទ្យាល័យចំនុះពី ៥ទៅ៦ឯណោះសម្រាប់យើងដែលទើបតែចាប់ផ្ដើមបែបនេះមិនទាន់អាចធ្វើដូចគេបានទេ ។

ឯកឧត្តមបានបញ្ជាក់ថា សម្រាប់តំបន់អាស៊ានគេបានឯកភាពគ្នាថាចាប់ពីឆ្នាំ២០២០ទៅគ្រូកម្រិតបឋមសិក្សាត្រូវតែមានបរិញ្ញាប័ត្រហើយចាប់ពីគ្រូវិទ្យាល័យទៅត្រូវតែមានសញ្ញាបត្របណ្ឌិត ។ កីឡាជាអនុវិស័យមួយរបស់ក្រសួងអប់រំយុវជន និង កីឡាហេតុនេះត្រូវតែអភិវឌ្ឍន៍គ្រូដែរ ។ ជាមួយនឹងការឈានទៅបង្កើតសាកលវិទ្យាល័យកីឡានេះភាគីកម្ពុជាក៏បានទំនាក់ទំនងជាមួយវិទ្យាស្ថានកីឡាមួយនៅទីក្រុងប៉ារីសប្រទេសបារាំង ។ វិទ្យាស្ថាននោះជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគ្រូបង្វឹក និង កីឡាជម្រើសជាតិ ។

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ