កម្ពុជា នឹងចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡានៃប្រទេសនិយាយភាសាបារាំង

ភ្នំពេញ៖ កម្ពុជាបានត្រៀមខ្លួនរួចហើយដើម្បីចេញទៅចូលរួមប្រកួតកីឡានៃបណ្ដាប្រទេសនិយាយភាសាបារាំងដែលនឹងប្រព្រឹត្តទៅនៅប្រទេសកូដឌីវ័រ ។ ឯកឧត្តមប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍ឲ្យដឹងថា ការប្រកួតកីឡានៃបណ្ដាប្រទេសនិយាយភាសាបារាំង  (Francophonie) នឹងធ្វើនៅប្រទេសកូដឌីវ័រចាប់ពីថ្ងៃទី១៩ ដល់ទី៣០ ខែកក្កដា ខាងមុខ ដោយកម្ពុជានឹងបញ្ជូនអត្តពលិកទៅចូលរួមចំនួន ២៥នាក់ទាំងប្រតិភូផង ។

ការប្រកួតកីឡានៃប្រទេសនិយាយភាសាបារាំងក្រៅពីសកម្មភាពកីឡាក៏មានបង្ហាញពីសកម្មភាពវប្បធម៌នៃប្រទេសដែលចូលរួមទៀតផង ។ សម្រាប់ប្រភេទកីឡាដែលកម្ពុជានឹងបញ្ជូនរួមមាន៖ កីឡាចំបាប់ យូដូ អត្តពលកម្ម និង វាយកូនឃ្លីលើតុ ។ ចំពោះផ្នែកសិល្បៈកម្ពុជាបញ្ជូនទៅផ្នែកចម្លាក់ គំនូរ រូបថត និងរបាំសហសវត្សរ៍ ។

គួររំលឹកថា កម្ពុជាបានវិលមកចូលរួមការប្រកួតកីឡានៃបណ្ដាប្រទេសនិយាយភាសាបារាំងវិញនៅឆ្នាំ១៩៩៣ ដែលកាលនោះចូលរួមក្នុងឋានៈជាអ្នកសង្កេតការណ៍តែប៉ុណ្ណោះ ហើយកាលនោះធ្វើនៅប្រទេសបារាំង។ លុះដល់ឆ្នាំ២០០១ កម្ពុជាបានចូលរួមម្ដងទៀតនៅប្រទេសកាណាដា ។ តាំងពីនោះមកកម្ពុជាតែងតែចូលរួមជាប់ជាប្រចាំដូចជាឆ្នាំ២០០៥ នៅប្រទេសនីហ្ស៊ែរ ឆ្នាំ២០០៩ នៅលីបង់ ឆ្នាំ២០១៣នៅទីក្រុងនីសប្រទេសបារាំង និងឆ្នាំ២០១៧ នៅនេះនៅប្រទេសកូដឌីវ័រ ។

ឯកឧត្តមប៊ូ ជុំសេរីបានឲ្យដឹងបន្ថែមថាសម្រាប់ការប្រកួតកីឡានៃបណ្ដាប្រទេសនិយាយភាសាបារាំងនេះកម្ពុជាដណ្ដើមបានមេដាយសំរិទ្ធចំនួន៣គ្រឿងដែរ ដោយកីឡាប្រដាល់ដណ្តើមបានកាលនៅប្រទេសកាណាដាឆ្នាំ២០០១ ក្រោយមកដណ្តើមបានដោយកីឡាការិនីចំបាប់ ចូវ សុធារ៉ានៅទីក្រុងនីសប្រទេសបារាំងឆ្នាំ២០១៣ និងសិល្បៈចម្លាក់បានពីទីក្រុងនីសប្រទេសបារាំងក្នុងឆ្នាំ២០១៣ដែរ ។ សម្រាប់ការចេញទៅប្រកួតលើកនេះឯកឧត្តមប៊ូ ជុំសេរីមិនទាន់ហ៊ានកំណត់ថាបានឬមិនបាននោះទេព្រោះព្រឹត្តិការណ៍នេះមានប្រទេសច្រើនណាស់ចូលរួម ។ បើតាមការគ្រោងទុកនៃជាការប្រកួតកីឡាដ៏ធំមួយដែលត្រូវធ្វើរៀងរាល់ ៤ឆ្នាំម្តងដោយអាចនឹងមានអត្តពលិកចូលរួមចំនួនជាង ៤០០០នាក់ មកពីប្រទេសចំនួន ៧៧លើពិភពលោក ។

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ