ពាន Hun Sen Cup៖ ៣ក្រុមកូនពៅទើបតែដណ្ដើមបានកៅអីដំណាក់កាលទី៤

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន(Hun Sen Cup) ឆ្នាំ២០១៧ បានបញ្ចប់វគ្គជម្រុះដំណាក់កាលទី៣ ជាស្ថាពរ និងបានរកឃើញ ១០ក្រុមដែលដណ្ដើមបានកៅអីដំណាក់កាលទី៤ ហើយ ខណៈក្រុមកូនពៅទើបឡើងវគ្គបន្ដក្រោយគេមាន ៣ក្រុម រួមមានក្រុមអាស៊ីអឺរ៉ុប, ខេត្តកំពត និងក្រុមសូលទីឡូអង្គរ ដែលទើបបញ្ចប់ការប្រកួតពីម្សិលមិញ ។

លទ្ធផលប្រកួតជើងទី២ ម្សិលមិញ ក្រុមអាស៊ីអឺរ៉ុប បានបន្ដយកឈ្នះក្រុមស៊ីម៉ាក់ ២-០ (សរុបលទ្ធផលទាំង ២ជើងក្រុមអាស៊ីអឺរ៉ុប បានយកឈ្នះ ៥-០) ។ ចំណែកក្រុមសូលទីឡូអង្គរ បានបន្ដលត់ក្រុមម្ចាស់ផ្ទះខេត្តកំពង់ឆ្នាំង ៤-១ សរុបលទ្ធផល ២ជើងសូលទីឡូអង្គរឈ្នះ ១១-២) ។ ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺខេត្តកំពត បានយកឈ្នះយុវជនក្រសួងការពារជាតិ ៤-២ លើទឹកដីខ្លួន (សរុបទាំង ២ជើងខេត្តកំពត ឈ្នះ ៥-១) ។

ដូច្នេះពេលនេះគេបានរកឃើញ ១០ក្រុមឡើងទៅដំណាក់កាលទី៤ អស់ហើយ រួមមានក្រុមក្រុមអាស៊ីអឺរ៉ុប, ប៉ូលិស, អគ្គិសនីកម្ពុជា, សូលទីឡូអង្គរ, សាលាបាល់ទាត់ជាតិបាទី, ខេត្តកំពត, ខេតស្វាយរៀង, ខេត្តស្ទឹងត្រែង, ខេត្តឧត្តរមានជ័យ និងក្រុមគិរីវង់ ដែល ១០ក្រុមនេះ ត្រូវប្រកួតជម្រុះជាមួយក្រុមលីគកំពូលកម្ពុជា មានក្រុមបឹងកេត, ការពារជាតិ, ណាហ្គាវើល, ព្រះខ័នរាជ, ភ្នំពេញក្រោន និងក្រុម Cambodian Tiger ។ ប៉ុន្ដែសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅមិនទាន់បញ្ចាប់ពីកាលបរិច្ឆេទច្បាស់លាស់នោះទេ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ