លីគកំពូលកម្ពុជា៖ ជើងទី១ ភ្នំពេញក្រោន លត់បឹងកេត ៤-០ ចុះជើងទី២ ល្ងាចនេះ?

ភ្នំពេញ៖ ជំនួបដ៏គួរឲ្យចាប់អារម្មណ៍ប្រចាំសប្ដាហ៍នេះ គឺក្រុមជើងឯក ២សម័យកាលបឹងកេត ត្រូវបើកទ្វាផ្ទះទទួលអតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន លើទីលានពហុកីឡដ្ឋានជាតិ នាវេលាម៉ោង ៦ល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ នៅក្នុងការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី១២ នៃលីគកំពូលកម្ពុជា ។
អ្នកគាំទ្រជាច្រើនកំពុងចាំអ៊ុតលទ្ធផលការប្រកួតជើងទី២ រវាងក្រុមខ្លាំងទាំងពីរនេះ ដោយសារកាលពីជើងទី១ ក្រុមភ្នំពេញក្រោន បានបំបាក់ក្រុមមានមូលដ្ឋានមកពីខេត្តកំពង់ចាមមួយនេះយ៉ាងចាស់ដៃលើទឹកដីខ្លួន ដោយលទ្ធផល ៤-០ ។ ដូច្នេះចាំមើល តើល្ងាចនេះ បឹងកេត មានលទ្ធភាពអាចសឹងសឹកភ្នំពេញក្រោនបានវិញ ឬក៏យ៉ាងណា?
បច្ចុប្បន្នក្រុមបឹងកេតកំពុងឈរលេខរៀងទី៤ និងមាន ២០ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ១១ប្រកួតឈ្នះ៦ ស្មើ២ និងចាញ់៣ ហើយតាមពីក្រោយដោយក្រុមភ្នំពេញក្រោន ឈរលេខរៀងទី៥ និងមាន ១៨ពិន្ទុជាមួយលទ្ធផល ១១ប្រកួតដូចគ្នា ឈ្នះ៥ ស្មើ៣ និងចាញ់៣ ដែលលទ្ធផលនេះ តម្រូវឲ្យក្រុមទាំងពីរទាមទាឈ្នះរៀងៗខ្លួន ពិសេសគឺក្រុមភ្នំពេញក្រោន ដែលត្រូវការ ៣ពិន្ទុ ដើម្បីប្រជែងកៅអី Top-4 ជាមួយក្រុមបឹងកេត ៕
អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ