ប្រធានសហព័ន្ធប្រដាល់សកលប្រាប់ពីយុទ្ធសាស្ត្រដើម្បីឈ្នះមេដាយទាំងថ្នាក់ជាតិ និងអន្តរជាតិ

ភ្នំពេញ៖  ស្របពេលដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកីឡាប្រដាល់សកលកម្ពុជា រយៈពេលជាង ១០ថ្ងៃនោះប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោកឆឹង យ៉ៅយ៉េន ក៏បានប្រាប់ពីយុទ្ធសាស្រ្តងាយៗក្នុងការដណ្ដើមយកមេដាយទាំងថ្នាក់ជាតិ និងអន្តរជាតិផងដែរ។ លោកបានថ្លែងថា៖« សម្រាប់ឆ្នាំ២០១៧ ក្រោយពេលសហព័ន្ធប្រដាល់សកលកម្ពុជាចេញជារូបរាងយើងបានកំណត់មិនឲ្យក្រុមជម្រើសជាតិទាំងក្រុមថ្នាល និងក្រុមធំមិនអាចចេញទៅប្រកួតប្រដាល់សេរីបានទេ គឺហ្វឹកហាត់តាមបច្ចេកទេស និងច្បាប់ AIBA សម្រាប់តែប្រដាល់សកលមួយមុខប៉ុណ្ណោះ។»

លោក ឆឹង យ៉ៅយ៉េន បានមានប្រសាសន៍បន្ថែមថា៖ «យុទ្ធសាស្ត្រដើម្បីឈ្នះមេដាយ គឺត្រូវគោរពតាមច្បាប់សមាគមប្រដាល់ស្ម័គ្រចិត្តអន្តរជាតិ (AIBA) ដោយលក្ខន្តិកៈទី១ មិនច្របូកច្របល់ជាមួយប្រដាល់ផ្សេងដូចជាសេរីជាដើម ទី២ ផលិតធនធានគ្រូ និងកីឡាករ ឲ្យមានសមត្ថភាពល្អស្របតាមការវិវឌ្ឍរបស់ AIBA និងទី ៣ រៀបចំឲ្យមានការហ្វឹកហាត់ខ្លាំងតាមបច្ចេកទេសទំនើប និងមានព្រឹត្តិការណ៍ប្រកួតប្រចាំសប្តាហ៍។ លោកបានបន្តថា៖ «ប្រភេទកីឡាប្រដាល់សកលកម្ពុជា ធ្លាប់ឈ្នះមេដាយពីស៊ីហ្គេមរហូត គឺខកខានមិនទទួលបានមេដាយតែស៊ីហ្គេម នៅឥណ្ឌូនេស៊ី ឆ្នាំ២០១១ និងនៅមីយ៉ាន់ម៉ា ឆ្នាំ២០១៣ ប៉ុណ្ណោះ ប៉ុន្តែស៊ីហ្គេម នៅសិង្ហបុរីឆ្នាំ២០១៥ យើងឈ្នះបានមេដាយប្រាក់ ហើយស៊ីហ្គេម នៅម៉ាឡេស៊ី នាខែសីហា ឆ្នាំ២០១៧ ខាងមុខ យើងនឹងប្រឹងប្រែងដោយដាក់យុទ្ធសាស្ត្រថ្មីដើម្បីស្តារមុខមាត់ឡើងវិញ»។

គួរបញ្ជាក់ផងដែរថា ប្រធានសហព័ន្ធកីឡាប្រដាល់សកលរូបនេះ គឺជាអតីតអ្នកហាត់កីឡាប្រដាល់តាំងពី១៩៧០ នៅក្លិបទំនប់ទឹកនៅទួលទំពូង និងហាត់កីឡាការ៉ាតេដូខ្សែក្រវាត់ខ្មៅជាប់ជាជម្រើសជាតិ ក្រោយមកលោកបានជាប់ជាជម្រើសជាតិបាល់ទះបម្រុង ហើយបានចូលរៀនវគ្គគ្រូបង្វឹកបាល់ទះ គ្រូកម្រិតអន្តរជាតិ។ នៅឆ្នាំ ១៩៨០ លោកបានចូលលេងកីឡាបាល់ទះនៅក្រសួងសុខាភិបាល និងបន្តធ្វើជាគ្រូបង្វឹករហូតដល់ឆ្នាំ១៩៨៥ ហើយសកម្មភាពកីឡារបស់លោកនៅជាប្រចាំ ស្របពេលលោកបានបញ្ចប់កាសិក្សា និងក្លាយជាវេជ្ជបណ្ឌិត ក្នុងឆ្នាំ១៩៩៨។ លោក យ៉ៅយ៉េន បានជាប់ជាសមាជិកប្រតិបត្តិសហព័ន្ធប្រដាល់នៅឆ្នាំ១៩៩៥ ដែលមានលោក ព្រំ ភិច ជាប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាក្នុងអាណត្តិទី១ ចំនួន ៥ ឆ្នាំរួចជាប់ក្នុងអាណត្តិលោកអ៊ុំ យូរ៉ាន់ ជាប្រធានចំនួន ១០ ឆ្នាំ និងបន្តរហូតដល់បច្ចុប្បន្ន៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ