សែលកាត ចាយជាង ២០មុឺនដុល្លារលើគម្រោងសាលាតម្រង់ទិសកីឡាបាល់ទាត់នៅទូទាំងប្រទេស

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៤ ខែឧសភា​ ឆ្នាំ២០១៧នេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំធ្វើពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាមួយជាមួយនឹងក្រុមហ៊ុន Cellcard ដែលនឹងក្លាយជាដៃគូឧបត្ថម្ភលើគម្រោងសាលាតម្រង់ទិសកីឡាបាល់ទាត់ ដែលត្រូវបានបង្កើតឡើងដើម្បីបណ្តុះបណ្តាលជំនាញកីឡាបាល់ទាត់ដល់យុវជនគ្រប់ខេត្តក្រុងទូទាំងប្រទេសកម្ពុជា ។

លោកអៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនបណ្តាញទូរសព្ទ Cellcard បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការជាដៃគូបង្កើតសាលាតម្រង់ទិសនេះ គឺជាជំហានដ៏ធំមួយឆ្ពោះទៅរកការបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសាលារៀន និងសហគមន៍ហើយក្រុមការងារសែលកាតរបស់លោកនឹងធ្វើការងារដើម្បីជួយស្វែងរកយុវជនដែលមានទេពកោសល្យផងដែរ ។

ជាមួយគ្នានេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានថ្លែងដែរថា នេះគឺជាឱកាសដ៏ល្អដែលក្រុមហ៊ុនសែលកាតបានរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសទាំងផ្នែកបុរស និងនារី ដែលជាជំហានដើម្បីឆ្ពោះទៅកាន់សុីហ្គេមឆ្នាំ២០២៣ ក៏ដូចជាការពង្រឹងសមត្ថភាពនាពេលអនាគតផងដែរ ។ សូមបញ្ជាក់ថា ក្នុងនាមជាដៃគូឧបត្ថម្ភសម្រាប់រយៈពេល ២ឆ្នាំនេះ ក្រុមហ៊ុនសែលកាតនឹងផ្តល់ជូនថវិកាលើសពី ២០មុឺនដុល្លារអាមេរិគដល់សហព័ន្ធដោយត្រូវចំណាយលើសំភារៈ ក៏ដូចជាការរៀបចំការប្រកួតរវាងសាលាតម្រង់ទិសនានាថែមទៀតផង ហើយគម្រោងនេះនឹងកសាងសាលាបណ្តុះបណ្តុះកីឡាបាល់ទាត់ឲ្យបានទាំង ២៥រាជធានី-ខេត្តនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទ៖ បុត្រា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ