រឿម វណ្ណៈ អាចរងគ្រោះព្រោះ Loom Leng ចំណែកឯ ច័ន្ទមានក៏មិនស្រួលដែរ!

ភ្នំពេញ៖ សម្រាប់ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់ ៦៣,៥០គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍ថ្ងៃទី២៧ ខែឧសភា អ្នកប្រដាល់ថៃលូម លេង (Loom Leng) គឺជាឧបសគ្គមួយទៀតសម្រាប់រឿម វណ្ណៈក្លឹបរាជសីហ៍ខេត្តបន្ទាយមានជ័យ ។ មួយប្រកួតដំបូងក្នុងព្រឹត្តិការណ៍នេះវណ្ណៈប្រកួតចាញ់អ្នកប្រដាល់ថៃផាត ឆាយ៉ាកភូមិដោយពិន្ទុដាច់ពេលនេះគេជួបជាមួយលូម លេងគឺកាន់តែយ៉ាប់ហើយ ។ វណ្ណៈជាអ្នកប្រដាល់ចិត្តធំមួយរូបដែលមានកលល្បិចវ៉ៃល្អនិងហ៊ានប្ដូរកែងតែកែងរបស់អ្នកប្រដាល់រូបនេះវ៉ៃរបៀបផ្សងព្រេងប៉ុណ្ណោះពេលលោតទៅវ៉ៃកែងគេបែរជាសន្លប់ខ្លួនឯងវិញក៏មានដែរ ។

វណ្ណៈឆាប់ស្រុតកម្លាំងណាស់គេមានប្រវត្តិប្រកួតចំនួន៧២ដង ឈ្នះ៥៤ដង ចាញ់១៧ដង និង ស្មើពិន្ទុ ១ដង។ ចំពោះលូម លេងវិញគេមានស្នៀតទាត់ល្អណាស់ ជើងគេលើកឡើងទាត់សុទ្ធតែកញ្ចឹង ក ចំពោះជង្គង់ កែង និងស្នៀតកណ្ដាប់ដៃរបស់គេក៏អស្ចារ្យដែរ ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥៧ដងចាញ់១១ដង និងស្មើពិន្ទុ ១ ដង ។ វណ្នៈប្រសិនបើចាញ់មួយប្រកួតនេះទៀតគេនឹងយ៉ាប់ក្នុងការដណ្ដើមកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ។ចំពោះលូម លេងគេជឿថានឹងឈ្នះក្នុងការប្រកួតនេះតែបើហ៊ានប្រហែសក៏អាចគ្រោះថ្នាក់ដោយសារកែងវណ្ណៈដែរ ។

ប្រកួតក្នុងព្រឹត្តិការណ៍មាស ច័ន្ទមានសមាគមប្រដាល់ក្រសួងការពារជាតិជួបជាមួយអ្នកប្រដាល់ថៃផាត ឆាយ៉ាកភូមិ ។ មួយប្រកួតរបស់ច័ន្ទជួបបរាជ័យដែរគឺចាញ់ពិន្ទុលូម លេង តែពេលនេះផាត ឆាយ៉ាកភូមិក៏ជាឧបសគ្គខ្លាំងដូចលូម លេងដែរ ។ច័ន្ទមាន ដែលមានកលល្បិចល្អដែរនោះគេមានប្រវត្តិប្រកួតចំនួន១២០ដង ឈ្នះ៩១ដង ចាញ់២៦ដងនិងស្មើពិន្ទុ ៣ដង ។ ចំពោះអ្នកប្រដាល់ថៃផាត ឆាយ៉ាកភូមកវិញក៏ជាអ្នកខ្លាំងមិនអន់ជាងលូម លេងឡើយ ។ គេមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥៧ដង ចាញ់១១ដងស្មើពិន្ទុ ១ ដង ។ ច័ន្ទមានអាចរំដោះខ្លួនចេញពីភាពបរាជ័យបានឬទេ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ