ពាន Hun Sen Cup នឹងរកឃើញ ៣ក្រុមចុងក្រោយឡើងដំណាក់កាលទី៤ ថ្ងៃនេះ

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១១ នឹងបញ្ចប់ការប្រកួតដំណាក់កាលទី៣ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះហើយ ដើម្បីចម្រាញ់យកក្រុមជើងខ្លាំង ៣ក្រុមចុងក្រោយ បន្ដដំណើរឆ្ពោះទៅប្រកួតដំណាក់កាលទី៤ នាសប្ដាហ៍ក្រោយ ។ ចំពោះកម្មវិធីប្រកួតជើងទី២ រសៀលនេះ រួមមានក្រុមយុវជនក្រសួងការពារជាតិ ត្រូវទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះខេត្តកំពត, ខេត្តកំពង់ឆ្នាំង បើកទ្វាផ្ទះទទួលក្រុមសូលទីឡូអង្គររបស់កីឡាករល្បី Keisuke Honda និងក្រុមអាស៊ីអឺរ៉ុប ត្រូវជួបក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទុ(ស្ដាតចាស់) ។
ប៉ុន្ដែមុនការប្រកួតចាប់ផ្ដើមសូមក្រឡេកមើលលទ្ធផលកាលពីជើងទី១ ក្នុងនោះខេត្តកំពត បានយកឈ្នះម្ចាស់ផ្ទះក្រសួងការពារជាតិ ១-០, សូលទីឡូអង្គរ លត់ខេត្តកំពង់ឆ្នាំង ៧-១ និងអាស៊ីអឺរ៉ុប យកឈ្នះស៊ីម៉ាក់ ៣-០ ។ ដូច្នេះល្ងាចនេះ គឹជាការប្រកួតកាត់សេចក្ដី តាមរយៈការបូកសរុបគ្រាប់បាល់ជាមួយលទ្ធផលជើងទី១ ដើម្បីរកក្រុមឈ្នះ និងមានគ្រាប់បាល់ចំណេញច្រើនជាងគេ ឡើងទៅវគ្គបន្ដ ។
គួរបញ្ជាក់ថា ដំណាក់កាលទី៣ បានប្រកួតជម្រុះរកឃើញក្រុមឡើងដំណាក់កាលទី៤ នៃពាន Hun Sen Cup រដូវកាលថ្មីនេះចំនួន ៧ក្រុមរួចហើយ រួមមានក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គិសនីកម្ពុជា, គិរីវង់សុខសែនជ័យ, ខេត្តស្វាយរៀង, ខេត្តស្ទឹងត្រែង, ខេត្តឧត្តរមានជ័យ និងក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ។ រីក្រុមកំពុងឈរចាំនៅដំណាក់កាលទី៤ មានដូចាំក្រុមបឹងកេត, ក្រសួងការពារជាតិ, ណាហ្គាវើល, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន និងក្រុម Cambodian Tiger ៕
អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ