ក្រសួងអប់រំ រកឃើញអ្នកខ្លាំងខាងកីឡាទាញព្រ័ត្រសម្រាប់ឆ្នាំ២០១៧ ហើយ

ភ្នំពេញ៖ កាលពីល្ងាចម្សិលមិញនេះ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ដែលបានសហការជាមួយនឹងក្រសួងអប់រំយុវជន និងកីឡាបានសម្រិតសម្រាំងរកឃើញក្រុមកីឡាករ កីឡាការិនី ខ្លាំងៗ សម្រាប់ឆ្នាំ២០១៧ រួចហើយ ក្រោយបានដាក់ឱ្យប្រកួតគ្នាអស់រយៈពេល ៤ថ្ងៃកន្លងមក។

ឯកឧត្តមមាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាទាញព្រ័ត្រ លើកទី១បានបញ្ជប់ដោយជោគជ័យ ហើយកាលពីល្ងាចម្សិលមិញនេះ ដោយបានចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទី១៩ ខែឧសភា កន្លងទៅនេះ។ នេះមិនត្រឹមតែជាការប្រកួតបង្ហាញពីសមត្ថភាពកីឡាករនោះទេ តែក៏ដើម្បីបានទទួលសិទ្ធិពេញលេញក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ ផងដែរ ។

អ្នកស្រីប្រាក់ សម្ផស្ស ដែលជាអគ្គលេខាធិការសហព័ន្ធនេះ បានឲ្យដឹងថាការប្រកួតនេះមាន ៨រាជធានី-ខេត្តចូល រួមគឺខេត្តកំពត សៀមរាប កណ្ដាល ព្រៃវែង ស្ទឹងត្រែង ស្វាយរៀង កំពង់ឆ្នាំង និងរាជធានីភ្នំពេញមាន១៣ក្រុម ។ សមាគម-ក្លិបដែលចូលរួមសរុបចំនួន២០ដែលមាន៤៧ក្រុមក្នុងនោះកីឡាករ ២៦០នាក់ និង កីឡាការិនីចំនួន ២១០នាក់ ចំណែកឯវិញ្ញាសាដាក់ឲ្យប្រកួតមានចំនួន ៥គឺវិញ្ញាសាបុរសអាយុក្រោម២៣ឆ្នាំ នារីអាយុក្រោម២៣ឆ្នាំ ។បុរសអាយុលើ ២៣ឆ្នាំ នារីអាយុលើ២៣ឆ្នាំនិងវិញ្ញាសាចម្រុះបុរស-នារីអាយុលើ២៣ឆ្នាំ ។

សម្រាប់លទ្ធផល នៃការប្រកួតនេះវិញ មានវិញ្ញាសាក្រោម២៣ឆ្នាំបុរសលេខ១បានទៅ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លេខ២-កំពត លេខ៣- អ.យ.ក ខេត្តសៀមរាប លេខ៤-អង្គការមិត្តសម្លាញ់។ វិញ្ញាសាក្រោម ២៣ ឆ្នាំនារីលេខ១-អ.យ.ក ខេត្តសៀមរាប លេខ២-ខេត្តស្វាយរៀង លេខ៣-វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លេខ៤-កំពត។ វិញ្ញាសាលើ ២៣ ឆ្នាំបុរសលេខ ១-ក្រសួងការពារជាតិ លេខ២-វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លេខ-អ.យ.ក ខេត្តព្រៃវែងលេខ ៤-វិទ្យាល័យ ទូលទំពូង។ វិញ្ញាសាលើ ២៣ ឆ្នាំនារីលេខ ១-ក្រសួងការពារជាតិ លេខ២-អង្គការមិត្តសម្លាញ់ លេខ៣-វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លេខ៤-វិទ្យាល័យទូលទំពូង។ វិញ្ញាសាចម្រុះ លេខ ១-រាជសីហ៏មានរិទ្ធិ លេខ២-វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាលេខ៣-ខេត្តកណ្ដាល និង លេខ៤ បានទៅវិទ្យាល័យទួលទំពូង៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ