គ្រូជម្រើសជាតិត្រៀមដឹកនាំ All Stars ទទួល Muangthong United វិញម្ដង

ភ្នំពេញ៖ ក្រុមលំដាប់លីគថៃ SCG Muangthong United បានប្រកាសជាផ្លូវការ ដោយនឹងត្រឡប់មកប្រកួតមិត្តភាពជាមួយក្រុម Cambodian All Stars របស់កម្ពុជា លើកទី២ នៅថ្ងៃទី១៦ ខែកក្កដាខាងមុខ ប៉ុន្ដែចំពោះការត្រៀមបើកទ្វារទទួលក្រុមខ្លាំងក្នុងតំបន់អាស៊ាន និងនៅអាស៊ីមួយនេះ គឺដឹកនាំដោយគ្រូបង្វឹកថ្មី មិនមែនគ្រូតាមបណ្ដាលក្លឹបដូចមុនៗឡើយ ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផ្ដល់ទំនុកចិត្តលើគ្រូបង្វឹកក្រុមជម្រើសជាតិលោក Leonardo Vitorino ដឹកនាំការងារនេះ ។

សូមរំឮកថា SCG Muangthong United ធ្លាប់មកបង្ហាញសមត្ថភាពជាមួយក្រុម Cambodian All Stars ម្ដងរួចមកហើយ កាលពីដើមឆ្នាំ២០១៦ ដែលពេលនោះ All Stars របស់កម្ពុជា ដឹកនាំដោយអតីតគ្រូបង្វឹកក្រុមបឹងកេតលោក ប្រាក់ សុវណ្ណារ៉ា នឹងទទួលបានជ័យជម្នះក្នុងលទ្ធផល ៤-៣ នៅលើទីលានពហុកីឡដ្ឋានជាតិទៀតផង ។ ហើយជ័យជម្នះនោះ ក៏បានបង្កើនប្រជាប្រិយភាពវិស័យបាល់ទាត់កម្ពុជាទៅកាន់ឆាកអន្ដរជាតិផងដែរ ។ ពិសេសគឺការទាក់ទាញអ្នកគាំទ្របានប្រមាណជិត ៥ម៉ឺននាក់ ចូលរួមទស្សនាការប្រកួតដ៏អស្ចារ្យនោះតែម្ដង ។

យ៉ាងណាមិញគ្រូបង្វឹកសញ្ញាតិអេស្ប៉ាញលោក Leonardo Vitorino នៅមិនទាន់បង្ហាញពីសមត្ថភាពកីឡាករក្នុងបញ្ជីក្រុម Cambodian All Stars សម្រាប់ការត្រៀមខ្លួនទទួលការសងសឹកពីក្រុម SCG Muangthong United នៅឡើយទេ ។ ប៉ុន្ដែបើតាមការបង្ហើបឲ្យដឹងពីមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាម្នាក់ បញ្ជីកីឡាករ ដែលជ្រើសរើសផ្ទាល់ដោយលោក Leonardo នឹងបង្ហាញជូនសាធារណៈជនបានជ្រាបក្នុងពេលឆាប់ៗខាងមុខ ៕ អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ