Cam-Tiger នាំចូលអ្នកចាំទីអេស្ប៉ាញមកពង្រឹងក្រុមត្រៀមជើងទី២ នៃលីគកំពូលកម្ពុជា

ភ្នំពេញ៖ ក្រុមបាល់ទាត់ Cambodian Tiger បានបង្ហាញវត្តមានសមាជិកថ្មីម្នាក់ទៀត គឺអ្នកចាំទីសញ្ជាតិអេស្ប៉ាញកីឡាករ Serret Beltri Sergio ដើម្បីពង្រឹងក្រុមបន្ថែម នៅក្នុងការត្រៀមខ្លួនបន្ដយុទ្ធនាការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ជើងទី២ នាចុងសប្ដាហ៍នេះ ។ Sergio គឺជាកីឡាករមានបទពិសោធន៍ជោគជាំលើទីលានម្នាក់ ដោយអ្នកចាំទីវ័យ ២២ឆ្នាំរូបនេះ ធ្លាប់បានលេងឲ្យក្លឹបយុវជន U-16 និង U-19 នៃក្លឹប gimnastic de tarragona និងក្រុមបម្រុងរបស់ gimnastic de tarragona នៅលីគលំដាប់ទី៣ របស់អេស្ប៉ាញ ហើយថែមទាំងធ្លាប់លេខឲ្យក្លឹប Adelaide united នៅអូស្រ្ដាលី និងក្រុម Seinajoki នៅប្រទេសហ្វាំងឡង់ទៀតផង ។

ក្រោយបានក្លាយជាសមាជិករបស់ក្រុមលំដាប់លីគកំពូលកម្ពុជានេះ Sergio បានថ្លែងថា៖ «ខ្ញុំសប្បាយចិត្តណាស់ ចាប់តាំងពីថ្ងៃដំបូង សមាជិកក្រុមទាំងអស់បានជួយខ្ញុំជាច្រើនដើម្បីលេងឱ្យស៊ីចង្វាក់គ្នា ហើយខ្ញុំគិតថាយើងនឹងមានលទ្ធផលល្អនារដូវកាលនេះ» ។ មិនតែប៉ុណ្ណោះ កីឡាករអេស្ប៉ាញរូបនេះ ក៏ស្ងើចសរសេរពីភាពរីកចម្រើននៃវិស័យបាល់ទាត់កម្ពុជាបច្ចុប្បន្នផងដែរ ។ អ្នកចាំទីវ័យ ២២ឆ្នាំរូបនេះ និយាយថា «ខ្ញុំគិតថាវិស័យកីឡា និងកីឡាករកម្ពុជា មានការរីកចំរើននឹងលូតលាស់ ហើយលីកកំពូលកម្ពុជា និងកីឡាករខ្លាំងជាងអ្វី ដែលខ្ញុំធ្លាប់គិតទៀត ។ ខ្ញុំរីករាយនិងលេងនៅលីកកំពូលកម្ពុជានេះណាស់» ។ គួរបញ្ជាក់ថា បន្ទាប់ពីបន្ថែមនូវសមាជិកថ្មីខាងលើ នៅចុងសប្ដាហ៍នេះ ក្រុម Cambodian Tiger នឹងបើកទ្វាកីឡដ្ឋានខេត្តសៀមរាប ទទួលក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ដែលជាជំនួបបើកឆាកវគ្គសន្សំពិន្ទុជើងទី២ ។ នេះបើយោងតាមកម្មវិធីប្រកួតរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ