KRE-League៖ ប្រធានក្រុមនិស្ស័យ ប្ដេជ្ញាការពារកៅអី Top-4 មិនឲ្យរបូតជាថ្មី

ភ្នំពេញ៖ គិតត្រឹមសប្ដាហ៍ទី៩ នៃពានរង្វាន់ Khmer Real Estate League 2017 ដែលបញ្ចប់កាលពីម្សិលមិញ ក្រុមនិស្ស័យ បានឡើងមកឈរកៅអី ៤ក្រុមកំពូលតារាង(Top-4)ជាថ្មីហើយ ក្រោយលត់ក្រុម Giant ដោយលទ្ធផល ៧-០ លើទីលានដំរីស ហើយជ័យជម្នះនេះ បានធ្វើឲ្យថ្នាក់ដឹកនាំក្រុមមានការសប្បាយចិត្ត និងប្ដេជ្ញាការពាររហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៀតផង ។

លោក ព្រាប សុខនិស្ស័យ ប្រធានក្រុមនិស្ស័យ បានលើកឡើងថា ការប្រកួតនេះ កូនក្រុមខ្លួនពិតជាធ្វើបានល្អ ហើយទម្រង់លេងក៏បានវិលទៅធាតុដើមវិញផងដែរ បន្ទាប់ពីពួកគេធ្វើមិនបានល្អ និងភ្លាត់ស្នៀតខ្ទាតចេញពីតារាង Top-4 មួយរយៈពេលខ្លី ។ លោកថា៖ “កាលពីដើមរដូវកាលក្រុមខ្ញុំពិតជាធ្វើបានល្អ ប៉ុន្ដែដោយសារការរវល់របស់កូន បានធ្វើឲ្យលទ្ធផល ៣ប្រកួតចុងក្រោយទទួលមិនបានល្អ តែចាប់ពីប្រកួតនេះទៅ ខ្ញុំនឹងរៀបចំក្រុមឲ្យបានល្អឡើងវិញ ដើម្បីរក្សាតំណែង ៤ក្រុមចុងក្រោយ» ។

សូមបញ្ជាក់ថា មកទល់ពេលនេះ ក្រុមនិស្ស័យ កំពុងឈរលេខរៀងទី៤ និងមាន ១៨ពិន្ទុ ជាមួយលទ្ធផល ៩ប្រកួតឈ្នះ៦ និងចាញ់៣ ។ ចំណែកក្រុមឈរកំពូលតារាង គឺក្រុមម្ចាស់ពាន Khmer United ដែលមាន ២២ពិន្ទុក្នុងដៃ ក្រោយយកឈ្នះក្រុម Goodhill ដោយលទ្ធផល ១-០ តាមពីក្រោយដោយក្រុម Blue Dragon មាន ២ពិន្ទុស្មើគ្នា បន្ទាប់ពីយកឈ្នះក្រុមបាយ័ន ៣-១ ខណៈក្រុម Avatar ឈរលេខរៀងទី៣ និងមាន ២០ពិន្ទុ ក្រោយលត់ក្រុម Anvaya ៥-១ ។

ដោយឡែកចំពោះលទ្ធផលចំនួន ៤ប្រកួតផ្សេងទៀត នៅក្នុងសប្ដាហ៍ទី៩ មានដូចជាក្រុមបាសាក់ បានបំបាក់ក្រុម HHK ៧-០, ក្រុម V.Train បានយកឈ្នះក្រុមខ្លាំងខេត្តកំពង់ចាម ៣-០, ក្រុមកូនខ្មែរ ស្គាល់ឈ្នះលើកដំបូង ក្រោយលត់ក្រុម Havas ៧-៤ និងក្រុមណារីតា យកឈ្នះក្រុមខ្លាស ៦-១ ដើម្បីឡើងទៅឈរលេខរៀងទី៦ ។ យ៉ាងណាមិញក្រុមមួយចំនួន ក៏មានពិន្ទុតាមពីក្រុមលំដាប់ Top-4 យ៉ាងប្រកៀកប្រកិតផងដែរ ដូចជាក្រុមបាយ័ន, Goodhill, ណារីតា និងក្រុមបាសាក់ជាដើម ដែលសុទ្ធតែមាន ១៦ពិន្ទុក្នុងដៃស្មើគ្នា ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ