ឯកឧត្តមថោង ខុន ជំរុញឲ្យអត្តពលិកថ្នាលនៃកីឡានីមួយៗទៅហ្វឹកហាត់នៅពហុកីឡដ្ឋានមរតកតេជោ

ភ្នំពេញ៖ គិតមកដល់ពេលនេះ ទីលានហ្វឹកហាត់នៃពហុកីឡដ្ឋានមរតកតេជោ បានសម្រេចជារូបរាងស្ទើរពាក់កណ្តាលហើយ ជាមួយគ្នានេះដែរ ឯកឧត្តមថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជំរុញដល់ថ្នាក់ដឹកនាំតាមប្រភេទកីឡានីមួយថា គួរនាំអត្តពលិកថ្នាលរបស់ខ្លួនទៅហ្វឹកហាត់បន្សាំជាមួយទីលានដែលមានស្តង់ដាអន្តរជាតិនៅពហុកីឡដ្ឋានថ្មីនេះ ។
ឯកឧត្តមបានមានប្រសាសន៍បែបនេះថា៖ «នៅពេលនេះទីលានស្ដង់ដាអន្តរជាតិរបស់កម្ពុជាបានរួចរាល់បណ្ដើរៗហើយ នៅក្នុងពហុកីឡាដ្ឋានមរតកតេជោរ ចឹងយើងទាំងអស់គ្នា គួរដឹកនាំអត្តពលិកថ្នាលរបស់យើងទៅហ្វឹកហាត់ដើម្បីបន្សាំពួកគេជាមួយនឹងទីលាននៅទីនោះ និងដើម្បីអភិវឌ្ឍន៍សមត្ថភាពអត្តពលិកថ្នាលឆ្ពោះទៅរកគុណភាព ប្រសិទ្ធភាព នៅពេលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ និងពិភពលោក ។ ជាពិសសេគឺ ស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះតែម្តង​ ។
ជាមួយគ្នានេះដែល លោកក៏បានបង្ហាញពីយុទ្ធសាស្រ្តធំៗទាំង ៤ដែលសហព័ន្ធកីឡាជាតិត្រូវយកទៅអភិវឌ្ឍនោះ ទី១ ប្រសិទ្ធភាពការងាររដ្ឋបាលកីឡាក្នុង និងក្រៅប្រទេស។ ទី២ ការងារអភិវឌ្ឍន៍បច្ចេកទេស ពង្រឹងកម្មវិធីហ្វឹកហាត់ និងការចូលរួមប្រកួត។ ទី៣ការគ្រប់គ្រង និងការរៀបចំព្រឹត្តិការកីឡា និងទី៤ ការខិតខំគៀងគររកមូលនិធិឧបត្ថម្ភគាំទ្រសកម្មភាពសហព័ន្ធរៀងៗខ្លួន ។ ភាពចាំបាច់បំផុតគឺត្រូវការថ្នាក់ដឹកនាំ និងមន្រ្តីបម្រើសេវារដ្ឋបាលសហព័ន្ធកីឡាជាតិដែលមានចំណេះដឹងជំនាញរឹង និងជំនាញទន់ មានន័យថា ជំនាញរឹង សំដៅលើទិចនិចបច្ចេកទេស ក្នុងការហ្វឹកហាត់កីឡាជំនាញ ការបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាលឲ្យបានត្រឹមត្រូវឆ្លើយតបទៅនឹងតម្រូវការ ។ រីឯជំនាញទន់ គឺសំដៅលើការគ្រប់គ្រងដឹកនាំ និងមានការសហការគ្នាជាក្រុម។ លោកបន្តថា យុទ្ធសាស្រ្ត៤នេះសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកីឡា ដូច្នេះសហព័ន្ធគឺជាតួអង្គដ៏សំខាន់ក្នុងការប្រតិបត្តិការបច្ចេកទេសតួនាទីទទួលខុសត្រូវ លើការវាយតម្លៃកម្រិតបច្ចេកទេសកីឡារបស់ខ្លួន និងបង្កើនគុណផលកីឡាកម្រិតខ្ពស់ឲ្យមានប្រសិទ្ធភាព ៕
អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ