ភ្នំពេញក្រោនបិទបញ្ជីដោះដូរកីឡាករ ក្រោយនាំចូល រុន រ៉ានី ពីវេស្ទើនភ្នំពេញ

ភ្នំពេញ៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសថា ក្លឹបបានបិទបញ្ចប់ការដោះដូរកីឡាករ សម្រាប់ការត្រៀមជើងទី២ នៃលីគកំពូលកម្ពុជា រដូវកាលថ្មីនេះហើយ បន្ទាប់ពីក្រុមកំពុងឈរលេខរៀងទី៥ ក្នុងតារាងពិន្ទុបណ្ដោះអាសន្ននេះបាននាំចូលកីឡាករ រុន រ៉ានី ពីក្លឹបបាល់ទាត់វេស្ទើនភ្នំពេញកាលពីម្សិលមិញ ។
  
រុន រ៉ានី គឺជាកីឡាករចំណូលថ្មី២ របស់ភ្នំពេញក្រោន សម្រាប់ការត្រៀមជើងទី២ នៃលីគកំពូលកម្ពុជា បន្ទាប់ពីកីឡាករកូរ៉េខាងត្បូង Gisung Yeon ដែលលេងក្នុងតួនាទីជាខ្សែប្រយុទ្ធដូចគ្នា ក្រោយការចាកចេញរបស់កីឡាករប្រេស៊ីល Augusto do Carmo Santiago ហើយក៏ជារឿងមួយដ៏កម្រផងដែរ ដែលអតីតក្រុមជើងឯក ៦សម័យកាលរូបនេះសម្រេចនាំចូលកីឡាករក្នុងស្រុកនោះ ។
ក្រោយក្លាយជាសមាជិករបស់ភ្នំពេញក្រោន រ៉ានី បាននិយាយថា៖ «ខ្ញុំមានបំណងចង់លេងនៅក្លឹបភ្នំពេញក្រោនប្រមាណជាពីរ ឬបីឆ្នាំមកហើយ ដូច្នេះថ្ងៃនេះគឺពិតជាពេលវេលាដ៏រីករាយបំផុតសម្រាប់រូបខ្ញុំ ហើយខ្ញុំសូមសន្យាថា នឹងព្យាយាមធ្វើឲ្យបានល្អបំផុតហើយខិតខំឲ្យអស់ពីសមត្ថភាពដើម្បីមិត្តរួមក្រុម ដើម្បីក្លឹប និងជាពិសេសដើម្បីអ្នកគាំទ្រតែម្តង» ៕
អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ