ក្លឹបយក្សថៃ SCG Muangthong United នឹងប្រកួតជាមួយ Cambodia All Stars នៅខែកក្កដាខាងមុខ!

ភ្នំពេញ៖ យោងតាមការឲ្យដឹងពីថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា ក្រុមកីឡាករនៃក្លឹបបាល់ទាត់ដ៏ធំរបស់ប្រទេសថៃ SCG Muangthong United FC នឹងធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជា នាខែកក្កដា ខាងមុខនេះដើម្បីធ្វើការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិជាមួយក្រុម Cambodia All Stars ដែលជាផ្នែកមួយនៃកម្មវិធី SCG Muangthong United SEAN Tour 2017 ។

លោកឧកញ៉ា ឬទ្ធី សំណាង ដែលធ្លាប់ដឹកនាំក្រុម Cambodia All Stars កាលពីឆ្នាំកន្លងមកបានមានប្រសាសន៍ឲ្យដឹងពីប្រទេសថៃជាទីដែលលោក និងគណៈប្រតិភូកម្ពុជាកំពុងស្ថិតនៅថា តាមការគ្រោងទុកការប្រកួតរវាងក្រុមទាំងពីរនេះនឹងត្រូវធ្វើឡើងនាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ខាងមុុខ នៅលើទឹកដីកម្ពុជា ខណៈដែលតំណាងក្រុមទាំងពីររំពឹងថា នេះគឺជាពេលវេលាមួយដ៏ល្អសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងគោលដៅពង្រឹងសមត្ថភាពរបស់កីឡាករក្នុងក្រុមទាំងសងខាង ។

ប្រធានក្លឹបភ្នំពេញក្រោនរូបនេះបានបញ្ជាក់បន្ថែមថា ក្រៅពីដើម្បីដកស្រង់បទពិសោធន៍ហើយនោះ ការប្រកួតនេះត្រូវបានរៀបចំឡើងដើម្បប្រមូលថវិកាសម្រាប់សកម្មភាពពង្រឹងសមត្ថភាពកីឡាករបាល់ទាត់វ័យក្មេងកម្ពុជានៅទូទាំង ២៥រាជធានី-ខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីត្រៀមខ្លួនឆ្ពោះទៅកាន់ការប្រកួតសុីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនោះ ។

គួររំលឹកថា ក្រុម SCG Muangthong United ធ្លាប់បានរងបរាជ័យក្នុងជំនួបជាមួយក្រុម Cambodia All Stars ម្តងរួចមកហើយក្នុងលទ្ធផល ៤-៣ នៅលើទីលាននៃពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងការប្រកួតមិត្តភាពអន្តរជាតិដើម្បីមនុស្សធម៌កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ កន្លងទៅ ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ