ល្បុក្កតោកម្ពុជាទទួលជោគជ័យខ្លាំង ដោយត្រូវក្រសួងអប់រំសម្រេចបញ្ចូលក្នុងកម្មវិធីអប់រំកាយកម្រិតវិទ្យាល័យ

ភ្នំពេញ៖ គោលដៅធំពីររបស់សហព័ន្ធកីឡាល្បុក្កតោកម្ពុជាដែលបានកំណត់ទិសដៅរបស់ខ្លួនក្នុងដំណើរឆ្ពោះទៅកាន់ម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣ នោះបានសម្រេចមួយហើយ គឺការដាក់បញ្ជូលក្នុងកម្មវិធីសិក្សាអប់រំកាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងកម្រិតអនុវិទ្យាល័យ (ទី៧, ទី៨ និងទី៩)។ ខណៈដែលជំហានមួយទៀតគឺជាការដាក់បញ្ចូលល្បុក្កតោទៅជាបេតិកភ័ណ្ឌពិភពលោកនៅអង្គការយូនីស្កូ។

អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកវ៉ាត់ ចំរើន បានមានប្រសាសន៍កាលពីល្ងាចម្សិលមិញនេះថា សហព័ន្ធកីឡាល្បុក្កតោ បានសម្រេចគោលដៅ ១ហើយ ដោយក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចដាក់កីឡាវប្បធម៌ប្រពៃណីមួយនេះក្នុងកម្មវិធីសិក្សាអប់រំកាយកម្រិតអនុវិទ្យាល័យនៅតាមសាលាទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោកបានថ្លែងបន្ថែមថា៖ «កម្មវិធីនឹងគឺអាស្រ័យលើការមានគ្រូគ្រប់គ្រាន់ នៅពេលណាដែលយើងមានគ្រូបង្ហាត់នៅតាមសាលាអប់រំកាយគ្រប់គ្រាន់ និងចេះបង្ហាត់ត្រឹមត្រូវហើយបានយើងចាប់ផ្តើមតាមការកំណត់របស់ក្រសួងអប់រំ អ៊ីចឹងយើងរង់ចាំតាមការកំណត់របស់ក្រសួងអប់រំថា ឆ្នាំក្រោយ ឬឆ្នាំក្រោយទៀត។» លោកបន្តថា៖ «លោកមិនទាន់ដឹងពីពេលវេលាជាក់លាក់ក្នុងការដាក់ឲ្យអនុវត្តនៅឡើយទេ គ្រាន់តែនឹងដាក់ឲ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ។ កត្តាសំខាន់ គឺត្រូវបណ្តុះបណ្តាលជំនាញគុនលល្បុក្កតោដល់គ្រូទៅតាមសាលាទាំង២៥ខេត្ត-ក្រុងឲ្យចេះជាមុនសិន ទើបដាក់ឲ្យអនុវត្តបាន។ ប៉ុន្តែអ្វីសំខាន់ជាងគេគឺយើងបណ្តុះបណ្តាលគ្រូសិន ដូច្នេះយើងមិនទាន់ដឹងច្បាស់លាស់ចាប់ផ្តើមនៅពេលណា តែវាជាការដាក់វិធានការតាមផ្លូវច្បាប់ដែលយើងអាចអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ»៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ