វេស្ទើនប្ដេជ្ញាយកឈ្នះប៉ូលិសលើសពី ៣គ្រាប់ទាំងមានក្ដីបារម្ភ ទោះបីប្រកួតក្នុងដី

ភ្នំពេញ៖ លោក ស៊ុម វណ្ណា គ្រូបង្វឹកក្រុមវេស្ទើនភ្នំពេញ បានលើកឡើងថា សម្រាប់ជំនួបជើងទី២ ជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) ក្នុងទឹកដីស្អែកនេះ ដាច់ខាតគឺក្រុមលោកត្រូវការឈ្នះចាប់ពី ៣គ្រាប់ឡើងទៅ ទើបអាចបន្ដដំណើរទៅដំណាក់កាលទី៤ នៃពានរង្វាន់ Hun Sen Cup រដូវកាលថ្មី ឆ្នាំ២០១៧នេះ ។

ការលើកឡើងបែបនេះ គឺដោយសារជើងទី១ ក្រុមវេស្ទើន ចាញ់ក្រុមប៉ូលិស ២-០ ក្រៅដី ។ លោកបន្ដថា ស្អែកនេះ លោកនឹងបង្កើនតំបន់ប្រយុទ្ធច្រើន ដើម្បីយកឈ្នះលើក្រុមប៉ូលិស ។ យ៉ាងណាមិញលោកក៏មានការព្រួយបារម្ភផងដែរ បើទោះជាការប្រកួតជើងទី២ ធ្វើឡើងលើទឹកដីខ្លួនក៏ដោយ តែលោករំពឹងថា កូនក្រុមរបស់ខ្លួននឹងព្យាយាមធ្វើបានល្អ ដើម្បីឡើងវគ្គបន្ដ ។

លោក ស៊ុម វណ្ណា បានថ្លែងថា៖ «ស្អែកនេះ ដាច់ខាតយើងត្រូវការឈ្នះប៉ូលិស ៣គ្រាប់ឡើង ព្រោះបើសិនស្មើ ឬចាញ់ គឺយើងគ្មានឱកាសឡើងវគ្គបន្ដទេ ។ ប៉ុន្ដែយ៉ាងណាការប្រកួតក្នុងដីនេះ ក៏នៅតែមានឧសបគ្គខ្លះដែរ ព្រោះកន្លងមករាល់ពេលប្រកួតក្នុងដី កីឡាករច្រើនតែធ្វើមិនបានល្អទេ តែខ្ញុំសង្ឃឹមថា ពួកគេនឹងធ្វើបានល្អ សម្រាប់ការប្រកួតដ៏សំខាន់នេះ ព្រោះយើងមិនអាចស្មើ ឬក៏ចាញ់ឡើយ» ។

គួរបញ្ជាក់ថា នៅថ្ងៃស្អែកនេះ វេស្ទើន នឹងបើកកីឡដ្ឋានវេស្ទើនទទួលក្រុមប៉ូលិស នាវេលាម៉ោង ៣រសៀល ។ ក្រៅពីនេះ ក៏មាន ២គូផ្សេងទៀតផងដែរ រួមមានក្រុមជម្រើសខេត្តព្រែវែង ត្រូវជួបខេត្តស្វាយរៀង និងខេត្តសៀមរាប ត្រួវជួបក្រុមអគ្គិសនីកម្ពុជា នៅក្នុងជំនួបជើងទី២ ដូចគ្នា ដើម្បីស្វែងរកក្រុមខ្លាំងឡើងទៅដំណាក់កាលទី៤ ។ ចាំមើលតើ ៣ប្រកួតខាងលើ ក្រុមណាខ្លះ នឹងមានដំណើរឡើងទៅវគ្គបន្ដ?

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ