ថ្នាក់ដឹកនាំសហព័ន្ធកីឡាទាញព្រ័ត្រ ប្តេជ្ញារៀបចំការប្រកួតជើងឯកលើកទី១ ឲ្យជោគជ័យដាច់ខាត

ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១៥ ខែឧសភានេះ ឯកឧត្តមមាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាទាញព្រ័ត្រលើកទី១ ត្រូវតែជោគជ័យដើម្បីបង្ហាញពីសមត្ថភាព ថាសហព័ន្ធកីឡាថ្មីមួយនេះអាចរៀបចំព្រឹត្តិការណ៍ធំៗកម្រិតជាតិ ឬអន្តរជាតិបាននៅកម្ពុជា។»
  ការប្រកួតដែលនឹងចាប់ផ្ដើមពីថ្ងៃ១៩ ខែឧសភាទៅនោះគឺជាការប្រកួតប្រភេទក្នុងសាល (Indoor) ដែលការប្រកួតមានកម្រាលត្រឹមត្រូវ ។ មិនត្រឹមតែបង្ហាញពីសមត្ថភាពកីឡាករនោះទេ បុន្តែព្រឹត្តិការណ៍នេះក៏ជាបង្ហាញសមត្ថភាពរបស់ក្រុមអត្តពលិកកម្ពុជាដើម្បីបានទទួលសិទ្ធិពេញលេញចូលរួមប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ ថែមទៀតផង ។
បើតាមអ្នកស្រីប្រាក់ សម្ផស្សដែលជាអគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ការប្រកួតនេះមាន ៨រាជធានី-ខេត្តចូលរួមគឺខេត្តកំពត សៀមរាប កណ្ដាល ព្រៃវែង ស្ទឹងត្រែង ស្វាយរៀង កំពង់ឆ្នាំង និងរាជធានីភ្នំពេញមាន ១៣ក្រុម ។ សមាគម-ក្លិបដែលចូលរួមសរុបចំនួន២០ ដែលមាន ៤៧ក្រុមក្នុងនោះមានកីឡាករ ២៦០នាក់ និងកីឡាការិនីចំនួន ២១០នាក់ រីឯវិញ្ញាសាដាក់ឲ្យប្រកួតមានចំនួន ៥គឺវិញ្ញាសាបុរសអាយុក្រោម២៣ឆ្នាំ នារីអាយុក្រោម២៣ឆ្នាំ ។ បុរសអាយុលើ ២៣ឆ្នាំ នារីអាយុលើ២៣ឆ្នាំនិងវិញ្ញាសាចម្រុះបុរស-នារីអាយុលើ២៣ឆ្នាំ ។
 
ជាមួយនឹងការប្រកួតនេះលោកមាស សារិនបានបង្ហាញពីមហិច្ឆិតាថានឹងស្នើសុំទៅក្រសួងអប់រំយុវជន និងកីឡា ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កីឡាជាតិ (National Games) នាឆ្នាំ២០១៨ខាងមុខ ក៏ដូចជាស្នើសុំរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០១៨ និងសុំឲ្យមានការប្រមូលផ្ដុំឆ្នាំ២០១៨ ផងដែរ ។ លោកក៏បានបង្ហាញពីបំណងចង់ចូលរួមការប្រកួតជើងឯកទ្វីបអាស៊ីទៀតផង ។ ជាមួយគ្នានេះលោកបានសន្យាថានឹងរៀបចំឲ្យមានការប្រកួតជើងឯកថ្នាក់ជាតិរៀងរាល់ឆ្នាំព្រោះសហព័ន្ធមានដៃគូឧបត្ថម្ភគ្រប់គ្រាន់ហើយ ៕
អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ