«អធិរាជគុនខ្មែរស្រាបៀរស្ពេស្យ៉ល» ចូលមកជំនួសសង្វៀនស្រាសាច់ដុំនៅ CNC

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់កុងត្រាជាមួយស្រាសាច់ដុំនោះសង្វៀននារសៀលថ្ងៃអាទិត្យរបស់ CNC មានម្ចាស់ថ្មីទៀតហើយ ។ ក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី១៤ ខែឧសភាម្សិលមិញ លោកស៊ីថូ ណាថាន់ ដែលជាប្រធានកីឡារបស់ក្រុមហ៊ុន CBS ដែលជាអ្នកគ្រប់គ្រងលើបណ្ដាញទូរទស្សន៍ចំនួន៣គឺ CTN-CNC និង MyTV បានបញ្ជាក់ថាពេលនេះក្រុមហ៊ុនស្រាបៀរស្ពេស្យ៉ល (Spesial)បានមកគ្រប់គ្រងសង្វៀននេះដោយប្ដូរឈ្មោះថា «អធិរាជគុនខ្មែរស្រាបៀរស្ពេស្យ៉ល» វិញ ។

 

គួរបញ្ជាក់ថាកាលពីជាង១០ឆ្នាំមុនមកដល់មុននេះបន្តិចសង្វៀននេះមានឈ្មោះថាសង្វៀនជើងឯក CTN ដណ្ដើមខ្សែក្រវាត់ស្រាសាច់ដុំ និងចុងក្រោយមានឈ្មោះថាសមរភូមិគុនខ្មែរអន្តរជាតិស្រាសាច់ដុំដែលផ្សាយផ្ទាល់ពី CNC ។ ពេលនេះសង្វៀននេះប្ដូរម្ចាស់ហើយៗ ការប្រកួតនៅតែបន្តប្រកួតជាលក្ខណៈអន្តរជាតិដដែល ។លោកស៊ីថូ ណាថាន់ បន្តថាការប្រកួតមិត្តភាពជាមួយថៃនៅតែបន្តហើយលោកនឹងនាំយកអ្នកប្រដាល់ថៃថ្មីៗល្អៗមកប្រកួតជាមួយអ្នកប្រដាល់ល្បីៗរបស់កម្ពុជា ។

លោកសេង ភីរ៉ុងនាយកផ្នែកពាណិជ្ជកម្មស្រាបៀរស្ពេស្យ៉លពេលេះក្រុមហ៊ុនរបស់លោករីករាយណាស់ដោយបានចូលរួមចំណែកលើកកម្ពស់វិស័យកីឡាប្រដាល់គុនខ្មែរនៅកម្ពុជា ហើយនេះក៏ជាផ្នែកមួយដើម្បីជួយលើកកម្ពស់ជីវភាពអ្នកប្រដាល់តាមរយៈការផ្ដល់ឲ្យកីឡាប្រដាល់កម្ពុជាមានឱកាសប្រកួតកាន់តែច្រើន ។ លោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េនអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានអរគុណដល់ក្រុមហ៊ុនCBS និងស្រាបៀស្ពេស្យ៉លដែលជួយបន្តសង្វៀនមួយនេះដើម្បីជីវភាពអ្នកប្រដាល់កម្ពុជា ។ហេតុនេះអ្នកប្រដាល់ត្រូវតែខិតខំបង្កើនសមត្ថភាពដើម្បីរកទីផ្សារប្រកួតឲ្យមានកាន់តែច្រើន ។ លោកបញ្ជាក់ថាអ្នកប្រដាល់ដែលល្អគឺមិនខ្វះកន្លែងប្រកួតទេហេតុនេះត្រូវតែខិតខំហ្វឹកហាត់ដើម្បីយកសង្វៀនប្រដាល់ផ្លាស់ប្ដូរជីវភាពរបស់ខ្លួន ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ