ក្រសួងមហាផ្ទៃក្រសោបមេដាយបានច្រើនជាងគេក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតិន្នីសឆ្នាំ២០១៧

ភ្នំពេញ៖ ក្រោយពីប្រកួតអស់រយៈពេលជាង ១០ថ្ងៃរួចមកក្លឹបកីឡាសូហ្វតិន្នីសរបស់ក្រសួងមហាផ្ទៃបានក្លាយជាជើងឯកប្រចាំឆ្នាំ២០១៧នេះ ដោយគ្រងមេដាយមាសបានច្រើនជាងគេក្នុងចំណោម ៨ ក្លឹបដែលចូលរួមប្រកួត។
 ព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៧ បានបញ្ចប់កាលពីព្រឹកមិញនេះ ក្រោមអធិបតីភាព ឯកឧត្តមប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំយុវជន និងកីឡា នាទីលានក្នុងពហុកីឡដ្ឋានជាតិ។ មេដាយមាសដែលក្រសួងមហាផ្ទៃឈ្នះនោះមានចំនួន ៦គ្រឿង ប្រាក់ ៣គ្រឿង និងសំរិទ្ធ២គ្រឿង។

អគ្គលេខាធិការនៃសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា លោក ជា ប៊ុនហេង បានឱ្យដឹងថា៖ «ការប្រកួតកីឡាសូហ្វតិន្នីស ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៧ មានក្លិបសមាគមចូលរួមចំនួន៨ ដែលមានកីឡាករ-កីឡាការិនី ៩៨នាក់ ក្រោមការរៀបចំ ដោយក្រសួងអប់រំយុវជន និងកីឡា សហការជាមួយសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា និងទទួលបានផ្លែផ្កាយ៉ាងល្អប្រសើរ។»
ជាមួយគ្នានោះដែរលោក ប៊ូ ជុំសេរី បានមានប្រសាសន៍ថា៖ «ការប្រកួតលើកនេះ កាន់តែផ្តល់បទពិសោធន៍ជាច្រើន ដល់កីឡាករ-កីឡាការិនី ជម្រើសជាតិ និងកីឡាករ-កីឡាការិនីថ្នាល កាន់តែច្រើនឡើង និងយល់ដឹងពីការប្រកួតនៅលើឆាកអន្តរជាតិ។ នាពេលនេះ កីឡាករ-កីឡាការិនី ទទួលបានលទ្ធផលល្អប្រសើរ ដោយគោរពតាមបទបញ្ជា បច្ចេកទេស ក្រមសីលធម៌ល្អ ក្នុងការប្រកួតព្រមទាំងបញ្ចេញអស់ពីសមត្ថភាពដើម្បីទទួលយកជ័យជម្នះលើគូប្រកួតរបស់ខ្លួន ៕»
អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ