Leo Cup International Volleyball រកឃើញក្រុមដែលឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ

ភ្នំពេញ៖ ព្រឹត្តិការណ៍ Leo Cup International Volleyball 2017 បានបញ្ចប់ការប្រកួតជម្រុះក្នុងពូលហើយៗក៏បានរកឃើញក្រុមដែលដណ្ដើមបានកៅអីសម្រាប់វគ្គប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ។ ក្នុងការប្រកួតវិលជុំចុងក្រោយដែលមាន៣ប្រកួតនោះសម្រាប់ពូល A ក្រុមវិសាខា បានប្រកួតឈ្នះក្រុមក្រសួងមហាផ្ទៃ៣សិតទល់២សិតទាំងលំបាកក្នុងពិន្ទុ ២២ទល់២៥-២៥ទល់២០-១១ទល់២៥-២៥ទល់២៣ និង១៥ទល់១០ ។ ដូច្នេះ ក្រុមវិសាខា ៣ប្រកួតឈ្នះទាំង៣ប្រកួតបានលេខ ១ក្នុងពូលA ចំពោះក្រុមមហាផ្ទៃ៣ប្រកួតឈ្នះ ១ប្រកួតចាញ់២ប្រកួតដោយត្រូវហាលអាវត្រឹមនេះហើយ ។

សម្រាប់ពូលB ដែលមាន ២ ប្រកួតនោះក្រុមKasetsart របស់ថៃប្រកួតឈ្នះក្រុមខេត្តកំពង់ចាម៣សិតទល់២សិតទាំងលំបាកក្នុងពិន្ទុ២៦ទល់២៤-២៥ទល់២៧-១៤ទល់២៥-២៥ទល់១៩ និង ១៥ទល់១២ ។ក្រុម kasetsart ដែលមកពីប្រទេសថៃខ្ទាតចេញពីការប្រកួតហើយទោះបីក្រុម៣ប្រកួតឈ្នះ២ប្រកួតចាញ់១ប្រកួតក៏ដោយ ។ សូមបញ្ជាក់ថាសម្រាប់បាល់ទះបើឈ្នះ៣សិតទល់០ឬ៣សិតទល់១ក្រុមឈ្នះបាន៣ពិន្ទុក្រុមចាញ់បានពិន្ទុ០ ។ ក្នុងករណីដែលឈ្នះ៣សិតទល់២សិតវិញនោះក្រុមឈ្នះបាន២ពិន្ទុ ឯ ក្រុមចាញ់បាន១ពិន្ទុ ។ ក្រុមខេត្តកំពង់ចាមដែល៣ប្រកួតឈ្នះ២ប្រកួតចាញ់១ប្រកួតនោះបាន៧ពិន្ទុជាក្រុមលេខ១ពូលB ឯក្រុម Kasetsart ដែល៣ប្រកួតឈ្នះ២ប្រកួតចាញ់១ប្រកួតនោះបាន៥ពិន្ទុគឺគ្មានសំណាងបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឡើយ ។

មួយប្រកួតទៀតក្រុមកងពលតូចអន្តរាគមន៍លេខ ៩របស់កម្ពុជាប្រកួតចាញ់ក្រុម Vinh Long របស់វៀតណាម១សិតទល់៣សិតក្នុងពិន្ទុ១៦ទល់២៥-២៥ទល់១៩-១២ទល់២៥ និង១៦ទល់២៥ ។ ក្រុម Vinh Long របស់វៀតណាម៣ប្រកួតឈ្នះ២ប្រកួតចាញ់១ប្រកួតនោះបាន៦ពិន្ទុបានទទួលឋានៈលេខ២ក្នុងពូលB ។ ក្រុមកងពលតូចអន្តរាគមន៍លេខ ៩ដែល៣ប្រកួតចាញ់ទាំង ៣ប្រកួតនោះហាលអាវហើយ ។

ដូច្នេះនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រុមលេខ១ពូលA វិសាខាត្រូវជួបក្រុមលេខ ២ពូលBគឺក្រុមVinh Longរបស់វៀតណាម ។ខេត្តកំពង់ចាមដែលជាក្រុមលេខ ១ពូលB ជួបជាមួយក្រុមកងពលធំអន្តរាគមន៍ដែលជាក្រុមលេខ២ពូល A ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ