Hun Sen Cup៖ ខេត្តកំពត គឹជាក្រុមដំណាក់កាលទី២ តែមួយគត់ បានយកឈ្នះក្រុមលីគទី២

ភ្នំពេញ៖ ក្នុងចំណោម ៦ក្រុមឡើងមកពីដំណាក់កាលទី២ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) រដូវកាលថ្មីនេះ មានតែក្រុមជម្រើសខេត្តកំពតប៉ុណ្ណោះ ដែលបានយកឈ្នះក្រុមលីគលំដាប់ទី២ អង្គុយចាំនៅដំណាក់កាលទី៣ គឺក្រុមយុវជនក្រសួងការពារជាតិ នៅក្នុងជំនួបជើងទី១ លើទីលានកងយោធពលខេមរភូមិន្ទ(ស្ដាតចាស់)កាលពីម្សិលមិញ ។
សម្រាប់ជំនួបជើងទី១ ម្សិលមិញនេះ ខេត្តកំពត បានយកឈ្នះក្រុមយុវជនរបស់ក្លឹបអាជីពក្រសួងការពារជាតិ ដោយលទ្ធផល ១-០ ក្រៅដី ដែលគ្រាប់បាល់ជ័យជម្នះនេះ ធ្វើសម្រេចដោយកីឡាករ ហេង បូរ៉ា ។ ចំណែកក្រុមម្ចាស់ផ្ទះយុវជនក្រសួងការពារជាតិ ក៏ព្យាយាមវាយសម្រុកណាស់ដែរក្នុងការប្រកួតនេះ ប៉ុន្ដែមិនអាចទម្លាយរបាំងការពារដ៏រឹងមាំរបស់ក្រុមភ្ញៀវបានឡើយ ។ ដោយឡែកលទ្ធផល ៣ប្រកួតផ្សេងទៀត ដើម្បីបញ្ចប់ជើងទី១ ដំណាក់កាលទី៣ កាលពីម្សិលមិញដែរ រួមមានក្រុមសូលទីឡូអង្គរវិញ បានបំបាក់ខេត្តកំពង់ឆ្នាំង ក្នុងលទ្ធផល ៧-១ នៅកីឡដ្ឋានខេត្តសៀមរាប ខណៈក្រុមយុវជនសាលាបាល់ទាត់ជាតិ យកឈ្នះក្រុមអាវុធហត្ថខេត្តកំពង់ធំ ៣-០ នៅលើទីលានសាលាបាល់ទាត់បាទី និងក្រុមអាស៊ីអឺរ៉ុប យកឈ្នះក្រុមស៊ីម៉ាក់ ដោយលទ្ធផល ៣-០ ដូចគ្នានៅកីឡដ្ឋានស្ដាតចាស់ ។
 គួរបញ្ជាក់ថា ក្រុមឡើងមកពពីដំណាក់កាលទី២ ទាំង ៦ក្រុមក្រៅពីខេត្តកំពត រួមមានខេត្តស្ទឹងត្រែង, ខេត្តព្រៃវែង, ខេត្តសៀមរាប , ខេត្តឧត្តរមានជ័យ និងក្រុមអាវុធហត្ថខេត្តកំពង់ធំ ប៉ុន្ដែ ៥ក្រុមនេះ សុទ្ធតែរងនូវការបរាជ័យក្នុងការប្រកួតជើងទី១ នឹងចាំអ៊ុតមើលលទ្ធផលការប្រកួតជើងទី២ តើក្រុមណាខ្លះ អាចវាយបកយកឈ្នះលើក្រុមលីគលំដាប់ទី២ ឆ្នាំ២០១៦ ដើម្បីស្វែងរកកៅអីដំណាក់កាលទី៤ នៃពាន Hun Sen Cup រដូវកាលថ្មីនេះបានខ្លះ?
អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ