លោកថោង ខុន៖ កម្មវិធីអភិវឌ្ឍនវិស័យកីឡាអត្តពលិកវ័យក្មេងនឹងធ្វើឱ្យយើងជោគជ័យនាឆ្នាំ២០២៣

ភ្នំពេញ៖ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងនៅក្នុងកម្មវិធីអភិវឌ្ឍនវិស័យកីឡាអត្តពលិកវ័យក្មេង ដែលមានបណ្ដាអគ្គលេខាធិកា មន្ត្រីកីឡាគ្រូបង្វឹក ជាង៧០នាក់ ចូលរួមសិក្សានៅទីស្នាក់ការ NOCC នាថ្ងៃនេះ។ លោកបានមានប្រសាសន៍បែបនេះថា៖ «បើទោះបីវគ្គនេះ មានពេលវេលាខ្លីសម្រាប់ការសិក្សា ប៉ុន្តែវគ្គនេះនឹងផ្ដល់នូវពុទ្ធិថ្មី បច្ចេកទេសថ្មី ឥរិយាបទដឹកនាំថ្មី ដល់សិក្ខាកាមទាំងអស់យកទៅបំរើការងារសហព័ន្ធកីឡាជាតិ របស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រសិទ្ធភាពឈានទៅរកឧត្តមភាពកីឡាជំនាញនីមួយៗនាការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ។»
 
លោកបានបន្តថា៖ «ខ្ញុំគិតថាការអភិវឌ្ឍនកីឡាថ្នាល ហាក់បីដូចជាចំណេះដឹងថ្មី សម្រាប់គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសកីឡាទាំងអស់នៅពេលនេះ ពីព្រោះកន្លងមកយើងធ្លាប់តែបណ្ដុះបណ្ដាលជំនាញលើអត្តពលិកពេលវ័យការអនុវត្តសកម្មភាពហ្វឹកហាត់ភាគច្រើន តែទៅក្រុមជ្រើសជាតិពេញវ័យ បើទោះបីប្រភេទកីឡាខ្លះទើប និងមានក្រុមអត្តពលិកថ្នាលវ័យក្មេងក៍ដោយ ក៍ចំណេះដឹងជំនាញ បង្ហាត់មិនទាន់ច្បាស់លាស់ នៅឡើយ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។»
បន្ថែមពីលើនេះលោកបានស្នើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីឲ្យកីឡាករវ័យក្មេងមាន គរុកោសល្យ និងវិធីសាស្រ្ត ហ្វឹកហាត់ជំនាញ ដោយឡែកពីមនុស្សពេញវ័យ។ ឧទាហរណ៍តាមទ្រឹស្ដីកីឡា នៃការហ្វឹកហាត់កីឡាករវ័យក្មេងត្រូវគោរពតាមគោលការណ៍ ហ្វឹកហាត់ពីងាយ ទៅលំបាក ពីលំបាកទៅស្មុកស្មាញ និងពីស្មុគស្មាញមកងាយស្រួលវិញ។ ត្រង់នេះមានន័យថា ការហ្វឹកហាត់កីឡាជំនាញរបស់អត្តពលិកវ័យក្មេង គឺត្រូវការ ការសាងសង់មូលដ្ឋានបច្ចេកទេស បន្សាំបច្ចេកទេសបាត និងសន្សំ មូលដ្ឋានគុណភាពកំលាំងកាយ ដោយមិនទុកដាក់ការហ្វឹកហាត់ កំលាំងកាយអោខ្លាំងនោះទេ។ គួបញ្ជាក់ផងដែរថា៖ វគ្គសិក្សានេះ មានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែឧសភានេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ៕
អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ