លោក Oleg៖ ក្រោន ចាញ់ទ័ព បណ្ដាលមកពីកត្ដាចិត្តសាស្ដ្រសុទ្ធសាធ!

ភ្នំពេញ៖ លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានបង្ហាញពីចំណុចវិជ្ជមាន និងអវិជ្ជមានមួយចំនួន ក្រោយក្រុមបរាជ័យ ៣-២ នៅក្នុងជំនួបជាមួយក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិកាលពីចុងសប្ដាហ៍កន្លងទៅ ដោយលោកចាត់ទុកការរបូត ៣ពិន្ទុក្រៅដីនេះ គឺកើតចេញពីកត្តាចិត្តសាស្ដ្រសុទ្ធសាធ មិនពាក់ព័ន្ធលើកត្តាកាយសម្បទានោះទេ ។

គ្រូអ៊ុយក្រែនរូបនេះបានថ្លែងថា៖ «វគ្គទី១ យើងបានបង្កើតឱកាសស្វែងរកគ្រាប់បាល់ជាច្រើន ដូច្នេះហើយទើបយើងទទួលបាន ២គ្រាប់ដំបូង បន្ទាប់ពីមានការចាប់ផ្ដើមដ៏ល្អនាដើមវគ្គ ។ ប៉ុន្ដែបន្ទាប់ពីធ្វើការនាំមុខ ២-០ ឆន្ទៈក្នុងការប្រកួតរបស់ក្រុមចាប់ផ្តើមធ្លាក់ចុះជាលំដាប់ ហើយយើងបានបញ្ឈប់ការដាក់សម្ពាធលើគូប្រកួត បើទោះបីជាយ៉ាងមានឱកាសដើម្បីធ្វើវាក៏ដោយ ដែលទីបំផុតទម្រង់លេងរបស់ក្រុមទាំងមូលក៏ចុះខ្សោយ» ។ លោកបន្ដថា លោកចង់បង្ហាញឲ្យឃើញនូវការប្រកួតប្រជែងមួយដ៏ខ្លាំង និងស្វិតស្វាញបំផុតក្នុងជំនួបជាមួយក្រុមក្រសួងការពារជាតិ ពិសេសលើបច្ចេកទេសផ្ទេរ បញ្ជូនបាល់ និងការលេងបាល់វែង ប៉ុន្តែការធ្វើបែបនេះ បានបណ្ដាលឲ្យកូនក្រុមានភាពនឿយហាត់ខ្លាំងទៅវិញញ ។ ដូច្នេះលោកនឹងស្វែងរកដំណោះស្រាយ ដើម្បីត្រៀមការប្រកួតក្រោយៗ ក្នុងនាមជាក្រុមបាល់ទាត់អាជីពមួយដ៏ល្អ ។

យ៉ាងណាមិញលោក Oleg បានសង្កត់ធ្ងន់ថា៖ «ការពិតទៅវាមិនមែនជាការលំបាក ដែលកើតចេញពីការរៀបចំកាយសម្បទានោះទេ ប៉ុន្តែវាជាកត្តាចិត្តសាស្ត្រសុទ្ធសាធ ហើយនេះគឺជាបទពិសោធន៍មួយដ៏ល្អសម្រាប់យុវជនរបស់យើង ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺក្នុងការប្រកួត ៣លើកចុងក្រោយនេះក្រុមយើងរកបាន ៦ពិន្ទុ សុទ្ធតែជួបក្រុមខ្លាំងៗ ប៉ុន្តែកីឡាករកម្ពុជាអាចរកបានរហូតដល់ ១១គ្រាប់ ។ យ៉ាងណាក៏ដោយ ក្រុមរបស់យើងត្រូវការពង្រឹងបន្ថែម ដើម្បីរក្សាជ័យជម្នះជាបន្ត» ។

គួរបញ្ជាក់ថា ជាបណ្ដោះអាសន្នបើគិតត្រឹមសប្ដាហ៍ទី១០ នៃលីគកំពូលកម្ពុជា រដូវកាលថ្មីនេះ អតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន កំពុងឈរលេខរៀងទី៥ និងមាន ១៧ពិន្ទុ ក្រោយបញ្ចប់ការប្រកួត ១០លើកឈ្នះ៥ ស្មើ២ និងចាញ់៣ ។ រីឯក្រុមក្រសួងការពារជាតិ បានតាមស្មើពិន្ទុក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀងមាន ២១ពិន្ទុដូចគ្នា ជាមួយលទ្ធផលប្រកួត ១០លើកឈ្នះ៦ ស្មើ៣ និងចាញ់១ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ