ព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបាវរជ្ជកាលទី៣ នឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះហើយ!

ភ្នំពេញ៖ ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវរជ្ជកាលទី៣ នឹងចាប់ផ្ដើមជាផ្លូវការហើយនៅថ្ងៃទី៦ ខែឧសភាស្អែកនេះលើសង្វៀនអាស៊ីអាគ្នេយ៍ដោយមានអ្នកប្រដាល់កម្ពុជា ៤រូប និងអ្នកប្រដាល់ថៃ ៤រូបចូលរួមប្រកួតប្រជែងគ្នា ។ នៅថ្ងៃបើកសង្វៀនដំបូងនេះអ្នកប្រដាល់កម្ពុជាង៉ែត រដ្ឋា ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឡាក់ ឡាយ (Lack Lay) ។ អ្នកប្រដាល់ថៃរូបនេះពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរឡើយតែគេហ៊ានធ្វើដំណើរមកចូលរួមប្រកួតខ្សែក្រវាត់បែបនេះគេប្រាកដជាមិនអន់នោះទេ ។ ឡាក់ ឡាយមានប្រវត្តិប្រកួតចំនួន ៦៥ដង ឈ្នះ ៥០ដង ចាញ់ ១៣ដង និងស្មើពិន្ទុ ២ដង ។ គេមិនបានដឹងថាអ្នកប្រដាល់ថៃរូបនេះមានរបៀបវាយយ៉ាងណានោះទេ ។

ចំពោះអ្នកប្រដាល់កម្ពុជាង៉ែត រដ្ឋា វិញគឺជាអ្នកខ្លាំងមួយរូបដែរ គេមានទេពកោសល្យប្រើជើងដើម្បីវាយប្រហារគូប្រកួតដែលកន្លងមកនេះមានអ្នកប្រដាល់មិនតិចទេដែលត្រូវរដ្ឋាទាត់ឲ្យបាក់ដៃនោះ ។ រដ្ឋាមានប្រវត្តិប្រកួតចំនួន ៧២ដង ឈ្នះ ៦១ដង ចាញ់ ៨ដង និងស្មើពិន្ទុ ៣ដង ។ សម្រាប់ថ្ងៃបើកសង្វៀនប្រកួតរជ្ជកាលថ្មីនេះមិនដឹងថាអ្នកប្រដាល់កម្ពុជាង៉ែត រដ្ឋាជាអ្នកដណ្ដើមបានជ័យជម្នះ ឬអ្នកប្រដាល់ថៃឡាក់ ឡាយជាអ្នកឈ្នះនោះឡើយ ។ បើតាមការឲ្យដឹងនោះថាឡាក់ ឡាយជាជើងខ្លាំងមួយរូបដែលមិនស្រួលបង្ក្រាបនោះទេ ។

ប្រកួតក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់នេះដែររឿង សារ័ត្ន មកពីក្លិបទ័ពឆ័ត្រយោង៩១១ ត្រូវជួបជាមួយអ្នកប្រដាល់ជើងខ្លាំងថៃផ្លាយ ណយ (Phlay Noy) ។ ផ្លាយ ណយក៏មិនមែនជាអ្នកប្រដាល់ដែលស្រួលបង្ក្រាបដែរគេមិនសូវជាចូលចិត្តប្រើកែងវាយប្រហារគូប្រកួតក៏ពិតមែនតែកណ្ដាប់ដៃ ជង្គង់ និងការទាត់ចេញរបស់គេអស្ចារ្យណាស់ ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន ៦៨ដង ឈ្នះ ៥៦ដង ចាញ់ ១១ដង និងស្មើពិន្ទុ ១ ដង ។ ចំពោះសារ័ត្នវិញនេះជាលើកដំបូងហើយដែលគេចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ជាលក្ខណៈអន្តរជាតិបែបនេះ ។ គេមានប្រវត្តិប្រកួតចំនួន ៦៥ដង ឈ្នះ ៥៥ដង ចាញ់ ១០ដង ។ រវាងអ្នកប្រដាល់ទាំង ២រូបនេះសុទ្ធតែខ្លាំងដូចគ្នាចាំមើលនរណាឈ្នះ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ