ជួយគ្នាម្នាក់បន្តិចក៏បាន! គ្រូល្បុក្កតោជើងចាស់បាត់បង់លំនៅឋាន និងកំពុងស្នាក់នៅសាលាគុនជាបណ្តោះអាសន្ន

សៀមរាប៖ យោងតាមការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមហ្វេសប៊ុករបស់លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោបានឲ្យដឹងថា នៅពេលនេះលោក រស់ សេរី ដែលជាគ្រូល្បុក្កតោជើងចាស់មួយរូបនៅកម្ពុជាកំពុងតែជួបនូវបញ្ហាធំបន្ទាប់ពីបានបាត់បង់លំនៅឋានដោយសារតែការឈូសឆាយដីដើម្បីពង្រីកផ្លូវរួចមក ។ គេហដ្ឋានដែលមានទីតាំងនៅត្រង់ចំនុចផ្លូវបំបែក (ច្រមុះជ្រូក) ក្នុងភូមិទទា សង្កាត់ក្របីរៀល ក្រុង-ខេត្តសៀមរាបនេះ ត្រូវបានឈូសអស់ទាំងស្រុង បន្ទាប់ពីអាជ្ញាធរត្រូវធ្វើការស្ថាបនា និងពង្រីកផ្លូវមួយខ្សែដែលមានភាពចាស់ទ្រុឌទ្រោមអស់រយៈកាលជាច្រើនឆ្នាំមកហើយ ខណៈដែលផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួនទៀតក៏បានជួបផលប៉ះពាល់ដែរនោះ ។

ក្នុងអំឡុងពេលដែលបាត់បង់លំនៅឋាននេះលោកគ្រូ រស់ សេរី បានមករស់នៅក្នុងបរិវេណសាលាគុនល្បុកត្តោអង្គរមានឬទ្ធិដែលមានទីតាំងមិនឆ្ងាយប៉ុន្មានពីផ្ទះចាស់របស់លោកជាបណ្តោះអាសន្នសិន ។ បើយោងតាមការបញ្ជាក់របស់លោកអ៊ួ តារា លោកគ្រូរស់ សេរី គឺជាគ្រូគុនល្បុក្កតោជើងចាស់មួយរូបដែលមានកំណើតមកពីកម្ពុជាក្រោម និងបានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មផ្សព្វផ្សាយ ក៏ដូចជាថែរក្សាមរតកក្បាច់គុនបូរាណខ្មែរ ជាពិសេសលោកបានបង្ហាត់បង្រៀន និងផ្ទេរចំណេះដឹងអំពីក្បាច់គុនល្បុក្កតោនេះដល់កូនខ្មែរជំនាន់ក្រោយបានជាច្រើនរូបផងដែរក្នុងរយៈកាលជាង ២០ឆ្នាំកន្លងមកនេះ ។

លោកអ៊ួ តារា ក៏បានអំពាវនាវសូមឲ្យគ្រូគុន សិស្សគុន ព្រមទាំងមហាជនខ្មែរទូទៅសូមចូលរួមចំណែកដើម្បីសម្រាលការលំបាករបស់លោកគ្រូ រស់ សេរី ទៅតាមលទ្ធភាព និងសទ្ធារៀងខ្លួនៗ ខណៈដែលលោកគ្រូធ្លាប់មានស្នាដៃ និងគុណបំណាច់យ៉ាងធំធេងសម្រាប់សង្គមជាតិខ្មែរផងដែរនោះ ។ សម្រាប់បងប្អូនដែលមានបំណងចង់ជួយឧត្ថម្ភដល់លោកគ្រូរស់ សេរី សូមទាក់ទងទៅកាន់៖ កញ្ញា ចិន្តា រ័ត្ន លេខទូរសព្ទ ០៦៩ ៧១៨ ២០៧, លោក វី តារា លេខទូរសព្ទ ០៩៣ ៣២៤ ៨៤៨, លោក សិលា អង្គរ លេខទូរសព្ទ ០៧០ ២៩២ ៣៨៣ ឬអាចទាក់ទងទៅកាន់លោកគ្រូផ្ទាល់តាមរយៈទូរសព្ទលេខ ០១២ ៦០២ ០៣៤ ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ