ជំនួបមិត្តភាពនៅកីឡដ្ឋាន RSN និងវេស្ទើនចំនួន ២គូម្សិលមិញ សុទ្ធតែស្មើគ្នា

ភ្នំពេញ៖ ជាការត្រៀមសម្រាប់លីគកំពូលកម្ពុជា សប្ដាហ៍ទី១០ ដែលនឹងឈានចូលមកដល់នាចុងសប្ដាហ៍នេះ សមាជិកលីគកំពូល ៣ក្រុម រួមមានក្រុមភ្នំពេញក្រោន, វេស្ទើន និងអាស៊ីអឺរ៉ុប បានណាត់គ្នាប្រកួតមិត្តភាពលើទីលាន ២ផ្សេងៗគ្នា គឺកីឡដ្ឋាន RSN និងកីឡដ្ឋានវេស្ទើន ហើយការប្រកួតនោះ គឺបានបញ្ចប់ដោយលទ្ធផលស្មើគ្នា កាលពីល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ ។

សម្រាប់ក្រុមភ្នំពេញក្រោន គឺបានប្រកួតស្មើក្រុមកំពុងឈរលំដាប់បាតតារាងអាស៊ីអឺរ៉ុប ដោយលទ្ធផល ៣-៣ ។ គ្រាប់បាល់របស់ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន រកបានដោយកីឡាករ Booysen Shane ២គ្រាប់ និង អ៊ិន សុដាវីត ១គ្រាប់ ដែលសុទ្ធតែកើតឡើងក្នុងតង់ទី១ ។ ចូលតង់ទី២ ទើបអាស៊ីអឺរ៉ុបវាយបកបាន ៣គ្រាប់វិញ ដោយកីឡាករ George Bisan ដែលជាអតីតខ្សែប្រយុទ្ធភ្នំពេញក្រោន ២គ្រាប់ និង Privat Mbarga ១គ្រាប់ ។

ដោយឡែកក្រុមវេស្ទើនភ្នំពេញវិញ បានប្រកួតស្មើក្រុមសូលទីឡូអង្គរ ដែលជាក្រុមលំដាប់លីគទី២ ដឹកនាំដោយកីឡាករដ៏ល្បី Keisuke Honda របស់ជប៉ុន ដោយលទ្ធផល ០-០ ។ យ៉ាងណាមិញនេះគ្រាន់តែជាការប្រកួតកម្ដៅសាច់ដុំ ខណៈចុងសប្ដាហ៍នេះ ក្រុមវេស្ទើន ត្រូវប្រកួតផ្លូវការក្នុងលីគដោយជួបក្រុមអាស៊ីអឺរ៉ុប នៅលើទឹកដីរបស់ខ្លួន ។ រីឯក្រុមភ្នំពេញក្រោនវិញ ត្រូវជួបម្ចាស់ផ្ទះក្រសួងការពារជាតិ ដែលជាជំនួបគួរឲ្យចាប់អារម្មណ៍ប្រចាំសប្ដាហ៍ទី១០ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ