Hun Sen Cup៖ អគ្គិសនីកម្ពុជា លត់សៀមរាប ៨-០ ខណៈស្វាយរៀង ឈ្នះព្រៃវែង ៥-៣

ភ្នំពេញ៖ លទ្ធផលបើកឆាកដំណាក់កាលទី៣ នៃការប្រកួតបាល់ទាត់ក្របខណ្ឌពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន(Hun Sen Cup) ឆ្នាំ២០១៧ បានចេញលទ្ធផលហើយដោយក្រុមអគ្គិសនីកម្ពុជា(EDC) បានយកឈ្នះខេត្តសៀមរាបយ៉ាងចាស់ដៃជាមួយលទ្ធផល ៨-០ ។ រីឯក្រុមម្ចាស់ផ្ទះខេត្តស្វាយរៀង បានយកឈ្នះក្រុមភ្ញៀវខេត្តព្រៃវែង ដោយលទ្ធផល ៥-៣ នាជំនួបជើងទី១ ដែលធ្វើឡើងនៅកីឡដ្ឋានខេត្តស្វាយរៀងកាលពីយប់មិញ ។

សម្រាប់ការបង្ហាញវត្តមានក្នុងដំណាក់កាលទី៣ របស់ក្រុមលំដាប់លីគកំពូលកម្ពុជា អគ្គិសនីកម្ពុជានេះ គឺក្នុងនាមជាសមាជិកក្រុមលំដាប់លីគទី២ ឆ្នាំ២០១៦ ។ ដូច្នេះការយកឈ្នះលើខេត្តសៀមរាប ៨-០ ហាក់មិនសូវមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ ព្រោះកម្រិតក្រុមទាំងពីរខុសឆ្ងាយពីគ្នា ។ ដោយឡែកខេត្តស្វាយរៀង ទោះបីឈ្នះក្ដី ប៉ុន្ដែក៏មិនទាន់ច្បាស់ ១០០% នឹងបានឡើងទៅវគ្គបន្ដដែរ ព្រោះត្រូវឆ្លងកាត់ប្រកួតជើងទី២ លើទឹកដីខេត្តព្រៃវែងវិញម្ដង ។

ចំពោះកម្មវិធីប្រកួតល្ងាចនេះវិញ គឺក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) ត្រូវជួបក្រុមវេស្ទើនភ្នំពេញ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទុ ។ ក្នុងនាមក្រុមលេខ៧ និងលេខ៨ នៃលីគកំពូលកម្ពុជារដូវកាលមុន ក្រុមទាំងពីរ ត្រូវជួបគ្នា ២ជើង ដើម្បីកាត់សេចក្ដីរកក្រុមឡើងទៅដំណាក់កាលទី៤ ។ ចាំមើលល្ងាចនេះ តើប៉ូលិស ឬវេស្ទើន អាចស្វែងរកជ័យជម្នះលើទឹកដីស្ដាតចាស់បានមុននោះ?

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ